ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣។
អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃខាងមុខ ត្រូវបានបើកការដ្ឋានសាងសង់ នៅលើទីតាំងចាស់ ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគារថ្មី នៃទីស្ដីការក្រសួង មហាផ្ទៃ ដែលនឹងសង់នៅលើទីតាំងចាស់ នឹងចំណាយថវិកាសាងសង់ប្រមាណជា៦០លានដុល្លារ។
អគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានទីតាំងនៅអគារចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅលើមហាវិថី ព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទីសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខចំ ទន្លេធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។
អគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្ត បានសរុបចំនួន៣៣០គ្រឿង។
ជាងនេះទៅទៀត ប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុក ចំនួន៥ លំនាំតាប្រាសាទអង្គវត្ត ដោយ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី។
អគារទីស្តីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ អគ្គ នាយកដ្ឋាន អគ្គភាពឋានៈស្មើ ចំនួន១២ គណៈកម្មាធិការជាតិ ចំនួន០៥ គណៈកម្មការក្រសួងមហាផ្ទៃ ចំនួន០៦ លេខាធិកាដ្ឋាននៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងនាយកដ្ឋានជំនាញចំនួន៤២ នឹងចូលមកបម្រើការងារនៅក្នុងអគារថ្មីនេះ ហើយសមត្ថភាពអគារថ្មីនេះ អាចផ្ទុកមនុស្សសរុបរហូតដល់ទៅ៨៥០០នាក់៕