(ភ្នំពេញ)៖ លោក ឃែលិដ ឃៀរី (Khaled Khiari) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ។
ការកោតសរសើរបស់មន្ត្រីអង្គការសហប្រជាជាតិ បានបង្ហាញឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានទទួលលោកឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់»។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
ដោយឡែកបច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕