(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ ត្រូវបានក្លិបបាល់ទាត់វិសាខា ប្រកាសជាសមាជិកថ្មីនៃក្រុមការងារបច្ចេកទេសរបស់ខ្លួន ក្នុងនាមជាគ្រូវិភាគ និងជាគ្រូបង្វឹកកាយសម្បទា ពោលគឺមិនមែនជាគ្រូបង្គោលនោះទេ ដែលធ្វើឲ្យកៅអីគ្រូបង្គោលក្រុមកំពុងឈរលេខ២ នៃលីគកំពូលកម្ពុជានេះបន្ដនៅទំនេរដដែល។
នេះគឺជាការដំណឹងដ៏រសើបមួយសម្រាប់ការផ្ទេរគ្រូបង្វឹកកាន់សញ្ញាបត្រ A-License មកកាន់កីឡដ្ឋានព្រីនស៍ បន្ទាប់ពីលោក ភា សុភ័ក្ដ្រា បានចំណាយពេលជាង ១ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាអ្នកវិភាគវីដេអូការប្រកួត។
មុនការប្រកាសតែងតាំងគ្រូវិភាគ និងជាគ្រូបង្វឹកកាយសម្បទាថ្មីខាងលើ កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក៏ធ្លាប់មានព័ត៌មានចរចាមអារ៉ាម វិសាខាបានទាក់ទងលោក ភា សុភ័ក្ដ្រា ដើម្បីដឹកនាំក្រុម នៅជើងទី២ ផងដែរ តែត្រូវបានគ្រូជំនួយក្រុមគោព្រៃកម្ពុជាច្រាលចោល ដ្បិតលោកមិនបានដឹងព័ត៌មាននេះឡើយ។
សូមរំឭកថា លោក ភា សុភ័ក្ដ្រា ធ្លាប់ត្រូវបានក្រុមកងយោធពលខេមរភូមិន្ទ តែងតាំងជាគ្រូបង្គោល កាលពីឆ្នាំ២០១៨ ហើយក្នុងឆ្នាំដដែល លោកបានជួយក្រុមលើកពានសម្ដេចតេជោ ហ៊ុន សែន និងឈរលេខរៀងទី៤ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា មុនលោកចាកចេញនៅពាក់កណ្ដាលឆ្នាំ២០១៩ ទៅធ្វើគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា រហូតមកទល់បច្ចុប្បន្ន។
គួរដឹងថា បច្ចុប្បន្នកៅអីគ្រូបង្គោលក្លិបវិសាខា កំពុងនៅទំនេរ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញនេះ បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអៀកឡង់ លោក Colum Cutis កាលពីចុងខែកញ្ញាកន្លងទៅ ហើយក្លិបបានតែងតាំងគ្រូជំនួយលោក Tunji Ayoyinka ធ្វើគ្រូបង្វឹកស្ដីទី ដើម្បីដឹកនាំក្រុមជាបណ្ដោះអាសន្នរហូតដល់ចប់រដូវកាលឆ្នាំ២០២១៕