(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមវិសាខា កីឡាករ កែវ សុខផេង បានលើកឡើងថា ក្រុមខ្លួនត្រូវខំប្រឹងលើសពី ១០០% ដើម្បីការពារតំណែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៥ ផង និងដើម្បីប្រជែងតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះផង ។
ការគូសបញ្ជាក់បែបនេះ ស្របពេលវិសាខា ត្រូវបើកទ្វារផ្ទះទទួលខេត្តបន្ទាយមានជ័យ ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ នៅកីឡដ្ឋានព្រីនស៍ នាថ្ងៃទី០៩ ខែវិច្ឆិកាស្អែក គ្រាដែលពួកគេ កំពុងមានពិន្ទុប្រកៀកប្រកិតជាមួយក្រុមកំពូលតារាងភ្នំពេញក្រោន ដោយចាញ់ប្រៀបក្រុមសិង្ហក្រហម ២ពិន្ទុ ខណៈក្រុមទាំងពីរ នៅសល់ ២ប្រកួតក្នុងដៃដូចគ្នា ។
កែវ សុខផេង បាននិយាយថា «ពួកខ្ញុំបានរៀបចំក្រុម និងត្រៀមខ្លួនរួចរាល់ ដើម្បីការពារតំណែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ពោលគឺពួកយើងមានការខំប្រឹងខ្លាំងជាងមុនទៀត ។ ឆ្នាំមុន ទោះយើងបានពាន តែក៏មានចំណុចខ្វះខាតមួយចំនួនដែរ ។ អ៊ីចឹងឆ្នាំនេះ យើងមានការតាំងចិត្ត និងខំប្រឹងទ្វេដង ទាំងការប្រមូលផ្ដុំហ្វឹកហាត់ និងវិន័យ គឺខ្លាំងជាងមុន ដើម្បីការពារតំណែងជើងឯករបស់យើង» ។
កីឡាករជម្រើសជាតិរូបនេះ បានសង្កត់ធ្ងន់ថា «ទាំងពានមិត្តហ្វូនខេមបូឌានលីគ ក៏កំពុងប្រកួតប្រជែងខ្លាំង ហើយពានសម្ដេចតេជោ ហ៊ុន សែន ក៏នឹងត្រូវប្រកួតប្រជែងខ្លាំង ហេតុនេះ ទាំងថ្នាក់ដឹកនាំ និងក្រុមការងារគ្រូ ពួកគាត់បានយកចិត្តទុកដាក់ ហើយកីឡាករបានយកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់ ដោយប្ដេជ្ញានឹងខំប្រឹងលើសពី ១០០% ដើម្បីការពារជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ផង និងប្រជែងជើងឯកលីគផង» ។
គួរដឹងថា ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំនេះ បានផ្លាស់ប្ដូររូបមន្ដថ្មី ដោយវគ្គ ១៦ក្រុម និងវគ្គ ៨ក្រុម ត្រូវប្រកួតចាញ់ធ្លាក់តែ ១ជើងប៉ុណ្ណោះ ។ កាលពីឆ្នាំ២០២០ វិសាខា បានគ្រងជើងឯកពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកនេះ ក្រោយឈ្នះក្រុមណាហ្គាវើលដ៏ ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯលីគឆ្នាំនេះវិញ វិសាខា ត្រូវការឈ្នះ ២ប្រកួតចុងក្រោយដាច់ខាត ដើម្បីប្រជែងពានលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ៕