ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទិដ្ឋភាពទូទៅនៅតាមសួនច្បារ និងតាមដងផ្លូវ ស្របមាត់ទន្លេចតុមុខ មានសភាពស្ងប់ស្ងាត់ជាធម្មតា ទិដ្ឋភាពនៅតាមសួនច្បារនិងដងផ្លូវ មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងមកឲ្យចំណីសត្វព្រាបជាធម្មតា ទោះបីពុំទាន់មានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នាថ្ងៃខាងមុខក្នុងខែវិច្ឆិកានេះក្ដី។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះមិនទាន់មានការណែនាំអី្វនោះទេ។
កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២១កន្លងទៅ ក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាជំងឺកូវីដ នៅមិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណាឡើយ ដែលករណីនេះតម្រូវឲ្យពលរដ្ឋគ្រប់រូប ត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ ដោយអនុវត្តតាមវិធានសុខាភិបាល និងការណែនាំ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងបន្តទៀត ហើយពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប សម្រាប់ឆ្នាំនេះ ត្រូវបានផ្អាកម្ដងទៀតដោយហេតុផលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
ទាក់ទិននឹងការឈប់សម្រាកវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាក ដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ៕