(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា។
តាមរយៈសាររំលែកទុក្ខដែលផ្ញើទៅកាន់ឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «ខ្ញុំនិងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តមកិត្តិ នីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភាជាតិ ទទួលមរណភាពនៅថ្ងៃសុក្រ ០១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យនិងក្តីសង្វេគស្ទើររកទីបំផុតគ្មាន «ព្រោះថាការបាត់បង់ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។
ខណៈខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតក្លាយ ជាបការៈដទៃឡើយ»៕