មីយ៉ាន់ម៉ា៖ ប្រមុខរបបយោធាលោក Min Aung Hlaing បានបញ្ជាក់ថា ស្របពេលប្រឈមនឹងបញ្ហានយោបាយ ប្រជាជនមីយ៉ាន់ម៉ាត្រូវតែពឹងផ្អែកលើខ្លួនឯង ព្រោះថាប្រទេសជាតិនឹងមានការរីកចម្រើន និងមានស្ថិរភាព លុះត្រាតែមានកិច្ចសហប្រតិបត្តិការ។ មេដឹកនាំរដ្ឋប្រហាររូបនេះបាននិយាយនៅលើទូរទស្សន៍រដ្ឋ MRTV កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ដើម្បីប្រារព្ធខួបរយៈពេល ៩ខែនៃការទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី Aung San Suu Kyi ក្នុងរឿងនយោបាយ យើងកំពុងប្រឈមនឹងការរិះគន់ និងការរឹតបន្តឹងផ្សេងៗ។
លោកបានថ្លែងថា ឥឡូវនេះជាពេលដែលប្រជាពលរដ្ឋយើងត្រូវតែរួមគ្នាដើម្បីធានាដល់ការអភិវឌ្ឍ និងស្ថិរភាពប្រទេស។ អាស៊ានបានដកឧត្ដមសេនីយ៍ជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូលថ្នាក់តំបន់កាលពីសប្ដាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលយោធាមិនអនុញ្ញាតឱ្យបេសកជនពិសេសរបស់ប្លុកនេះ ជួបជាមួយមេដឹកនាំដែលត្រូវរបបសឹកបណ្ដេញចេញពីតំណែង រួមមានលោកស្រី Suu Kyi ស៊ូជី និងអតីតប្រធានាធិបតី Win Myint។ ចំណាត់ការដ៏កម្រនេះបានកើតឡើង ខណៈដែលប្លុកនេះចាត់ទុករបបនេះថា ពុំបានចាត់វិធានការគ្រប់គ្រាន់ដើម្បីបញ្ចប់អំពើហិង្សាបន្ទាប់ពីរដ្ឋប្រហារ។
នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់កាលពីសប្ដាហ៍មុន មេដឹកនាំពិភពលោករួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសម្ដែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យរបបយោធាបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងកូសង់ស៊ីស ៥ចំណុចនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីក្នុងខែមេសាកន្លងទៅ៕