(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសទទួលពាក្យសមាគម/ក្លិប ដើម្បីទទួលចូលរួមការប្រកួតជ្រើសរើសជើងឯកកម្ពុជា លីគទី២ ឆ្នាំ២០២១ ហើយ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។
យោងតាមសេចក្ដីជូនដំណឹងនៅល្ងាចថ្ងៃទី២៩ ខែតុលាម្សិលមិញ សហព័ន្ធនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ដោយរាល់បេក្ខភាពដាក់ពាក្យចូលរួម ត្រូវបំពេញលក្ខខណ្ឌចំនួន ១៤ចំណុច ក្នុងនោះក៏ត្រូវមានការបញ្ជាក់អំពីបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មន្ដ្រី និងកីឡាករផងដែរ។
តាមការបញ្ជាក់របស់សហព័ន្ធ ការរៀបចំការប្រកួតជ្រើសរើសជើងឯកលីគទី២ នេះ គឺស្របជាមួយការអនុវត្តផែនការអភិវឌ្ឍន៍កីឡាបាល់ទាត់ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះសហព័ន្ធរំពឹងមន្ធីរអប់រំ យុវជន និងកីឡា ក៏ដូចជាសមាគម/ក្លិប គ្រប់រាជធានី-ខេត្ត នឹងរួសរាន់ដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
គួរដឹងថា នេះគឺជាលើកទី៤ ហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំការប្រកួតលីគទី២ នេះដោយផ្ដើមពីឆ្នាំ២០១៦ ខណៈឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានខកខានរៀបចំ ២ឆ្នាំជាប់គ្នា មុនរៀបចំឡើងវិញកាលពីឆ្នាំ២០២០ កន្លងទៅ។ លីគទី២ រដូវកាលមុន មាន ១០ក្រុមចូលរួម ខណៈជើងឯកបានទៅក្រុមបាល់ទាត់ខេត្តព្រៃវែង ហើយបានឡើងមកលេងលីគកំពូលកម្ពុជា នៅឆ្នាំ២០២១ នេះ៕