(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។
ការចុះហត្ថលេខានេះ ធ្វើឡើងដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ។
ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់
លោក MOON Jae In ប្រធានាធិបតីកូរ៉េ មកកាន់កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលាន ឆ្នាំ២០២១នេះ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការជំនះ ពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ដែលបង្កឡើងជំងឺកូវីដ-១៩ រហូតសម្រេចបានសមិទ្ធផលជា ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ។
កិច្ចព្រមព្រៀងនេះមានចំនួន ១០ជំពូក មាន ១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន ៩ ដែលគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមាន ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទអញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ។
លើសពីនេះទៀត កិច្ចព្រមព្រៀងនេះនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពីពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ជាពិសេស កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។
សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CKFTA នេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន៕