(តូក្យូ)៖ ក្រុមជម្រើសជាតិ U23 កម្ពុជា បានចាញ់ក្រុមជម្រើសជាត U23 ជប៉ុន ដោយលទ្ធផល ៤-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅកីឡដ្ឋាន J-Village នាថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។
ការប្រកួតបញ្ចប់ពូល K របស់ក្រុមគោព្រៃជំទង់កម្ពុជានេះត្រូវបានក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ដាក់សម្ពាធខ្លាំងដោយវគ្គទី១ កម្ពុជាបានរបូត ២គ្រាប់ មុនជប៉ុនបន្ថែម ២គ្រាប់ទៀតនៅវគ្គទី២ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបាន ៣ពិន្ទុពេញសម្រាប់ការប្រកួតដំបូងរបស់ខ្លួន។
ការបរាជ័យនេះដែរបានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ធ្លាក់មកឈរលេខ២ ក្នុងពូល K បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ បន្ទាប់ពីឈ្នះ១ និងចាញ់១។ ដូច្នេះកម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលរវាងជប៉ុន និងហុងកុងនាថ្ងៃទី២៨ ខែតុលាខាងមុខ ក៏ដូចជាលទ្ធផលពូកផ្សេងៗទៀត ដើម្បីសម្រេចឱកាសបានឡើងទៅវគ្គបន្ដ ឬក៏អត់។
សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជាស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន ៤ក្រុមនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕