(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកហាក់ដូចជាមានប្រតិកម្មហួសហេតុពេក ចំពោះការធ្វើតេស្ដមីស៊ីលរបស់ខ្លួនកាលពីប៉ុន្មាន ថ្ងៃមុននេះ និងបានចោទសួរពីភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងកិច្ចចរចា ខណៈនៅតែបន្តអនុវត្តនយោបាយស្ដង់ដារ២ ជុំវិញការអភិវឌ្ឍអាវុធ។ នេះបើ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។
នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCAN បានបញ្ជាក់ថាការធ្វើតេស្ដមីស៊ីលកាលពីពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង គឺមានគោល បំណងពង្រឹងសមត្ថភាពការពារខ្លួន ដូចដែលបណ្ដាប្រទេសដទៃធ្លាប់បានធ្វើនាពេលកន្លងមកតែប៉ុណ្ណោះ ដោយមិនមានគោលដៅលើសហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃ ណាមួយនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែអនុវត្តនយោបាយស្ដង់ដារពីរ និងអរិភាពមកលើកូរ៉េខាងជើងដដែល។
គួរបញ្ជាក់ថា KCNA កាលពីថ្ងៃពុធម្សិលមិញ បានទទួលស្គាល់ថាកូរ៉េខាងជើងពិតជាបានធ្វើតេស្តមីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ចេញពីនាវាមុជទឹកមួយគ្រឿងប្រាកមែន ឬគេស្គាល់ថាជាប្រភេទមីស៊ីលបាលីស្ទីក «SLBM» ដែលបាញ់ចេញពីនាវាមុជទឹក (ជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ)។ មីស៊ីល SLBM របស់កូរ៉េខាងជើងនេះ បានហោះហើរក្នុងចម្ងាយចាប់ពី ៤៣០គីឡូម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០គីឡូម៉ែត្រ មុខនឹងវាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន៕