មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនខកចិត្តយ៉ាងខ្លាំង និងជំទាស់យ៉ាងដាច់ខាតចំពោះការសម្រេចចិត្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលដកមេដឹកនាំរបស់ខ្លួនចេញពីកិច្ចប្រជុំកំពូលក្រុមមេដឹកនាំ មកពីក្រុមប្រទេសទាំងនេះនៅចុងខែនេះ។ របបយោធាសហភាពមីយ៉ាន់ម៉ាបានថ្កោលទោសការសម្រេចចិត្តនេះ កាលពីល្ងាចថ្ងៃសៅរ៍ដោយចោទប្រកាន់អាស៊ានថា បានរំលោភគោលនយោបាយរបស់ប្លុកនេះ ដែលថាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយជាសមាជិករបស់ខ្លួននោះ។
ក្រុមនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រមុខរបបយោធាមីយ៉ាន់ម៉ានឹងត្រូវដកចេញពីកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើងនាពេលខាងមុខនេះជាការស្តីបន្ទោសដ៏កម្រមួយ ខណៈដែលក្តីកង្វល់កើនឡើងជុំវិញការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលយោធាក្នុងការដោះស្រាយវិបត្តិបង្ហូរឈាមនេះ។ ប្រធានអាស៊ានបច្ចុប្បន្នមកពីប្រទសប្រ៊ុយណេបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា បណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីល្ងាចថ្ងៃសុក្រថា “អ្នកតំណាងមិនជាប់ពាក់ព័ន្ធនឹងកិច្ចការនយោបាយ” សម្រាប់សហភាពមីយ៉ាន់ម៉ានឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ។ ការសម្រេចចិត្តនេះគឺមិនរាប់បញ្ចូលវត្តមានមេដឹកនាំយោធាលោក Min Aung Hlaing ទេ។ អ្នកនាំពាក្យយោធាលោក Zaw Min Tun បានប្រាប់សារព័ត៌មាន BBC ថា “យើងក៏អាចមើលឃើញការជ្រៀតជ្រែកពីបណ្ដាប្រទេសផ្សេងទៀត ដែលមិនមែនជាសមាជិកអាស៊ានដែរ៕