(តូក្យូ)៖ ទីបំផុតសភាជប៉ុនត្រូវបានរំលាយហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅចុងខែតុលាតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមការស្ទង់មតិចុងក្រោយនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីហ្ស៊ីដា (Fumio Kishida) បានគ្រប់គ្រងតំណែងរយៈពេល ១១ថ្ងៃ ប្រកបដោយភាពវិជ្ជមាន និងទទួលបានការគាំទ្រច្រើន។ នេះជាសញ្ញាល្អមួយ ក្នុងនាមលោកជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងដៃគូគណបក្សចំរុះរបស់លោក សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកលនៅថ្ងៃខាងមុខ។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន ដែលចោមរោមនៅពីមុខការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ, លោក Fumio Kishida បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ប្រើប្រាស់ការបោះឆ្នោត ដើម្បីប្រាប់ប្រជាជនទាំងអស់ អំពីអ្វីដែលយើងកំពុងព្យាយាមធ្វើ និងអ្វីដែលយើងប្តេជ្ញានឹងធ្វើឲ្យបាន»។
ឆ្លើយតបទៅនឹងស្ថានភាពជារួម នៃការកាន់តំណែងអស់ ១១ថ្ងៃមកនេះ, លោក Kishida បានបកស្រាយថា «ខ្ញុំមានកាលវិភាគដ៏មមាញឹកបំផុត…. ប៉ុន្តែចម្លែកដែរ, ខ្ញុំដូចជាមិនមានអារម្មណ៍ថានឿយហត់ទេ… ខ្ញុំមានអារម្មណ៍ថា បានបំពេញការងារយ៉ាងល្អ»។
តាមរយៈលទ្ធផលនៃការស្ទង់មតិចុងក្រោយ, ពលរដ្ឋជប៉ុនភាគច្រើនចង់បានការដោះស្រាយវិបត្តិ COVID-19 និងស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញជាចម្បង។ ពលរដ្ឋជប៉ុនយ៉ាងហោចណាស់ ៤៨% ចង់ឃើញលោក Kishida ដោះស្រាយវិបត្តិ COVID-19 ឲ្យខាងតែបាន ក្នុងនោះបូករួមទាំងការស្តារសេដ្ឋកិច្ច និងវិបត្តិអ្នកអត់ការងារធ្វើជាដើម។ បន្ថែមពីនេះការបង្កើនថវិកាលើវិស័យការពារជាតិ ដើម្បីទប់ទល់គ្រាប់មីស៊ីលកូរ៉េខាងជើង និងឥទ្ធិពលកើនឡើងឥតឈប់ឈររបស់ចិន ក៏ត្រូវបានរាប់បញ្ចូលជារឿងសំខាន់ផងដែរ។
គួរបញ្ជាក់ថា ប្រទេសជប៉ុននឹងរៀបចំការបោះឆ្នោតសកល (ការបោះឆ្នោតជ្រើសរើសសមាជិកសភាដំណាងរាស្ត្រ) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះហើយ។ ដោយឡែក នៅក្រោយការរំលាយសភារួចរាល់, លោក Fumio Kishida នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងតូក្យូ) ដើម្បីឆ្លើយតបនឹងសំនួរជាច្រើន ដែលគ្រប់គ្នាចង់ដឹង៕