បាត់ដំបង ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ខែតុលានេះ បន្តផ្តល់អំណោយជូនមនុស្សចាស់ចំនួន៣រូប អាយុជាង១០០ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅខេត្តបាត់ដំបង។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលានេះ បន្តនាំអំណោយសប្បុធម៌របស់សម្តេចតេជោ ជាថវិការ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយចំនួន៣រូបបន្ថែមទៀត ដែលមានអាយុជាង១០០ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោកតាលោកយាយទាំង៣នាក់នោះ មានឈ្មោះ ៖ ទី១.លោកយាយ ទូច យុន អាយុ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទី២.លោកយាយ អេង មុំ អាយុ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី៣.លោកតា គង់ សេម អាយុ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅក្នុងឱកាសទទួលអំណោយខាងលើនោះ លោកតាលោកយាយ បានឱ្យដឹងថា មូលហេតុទៅចាក់វ៉ាក់សាំង គឺដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយបានដឹងតាមរយៈប្រព័ន្ធផ្សាយផ្សេងៗ និងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ។ក្រៅពីនេះ លោកតាលោកយាយ បានបញ្ជាក់ថា ការទៅចាក់វ៉ាក់សាំងនេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តគ្មានកូនចៅណាម្នាក់មកបង្ខិតបង្ខំនោះទេ ពោលគឺជឿរលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
បើតាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងដែរថា ការផ្តល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនលោកតាលោកយាយដែលមានវ័យពី១០០ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ក់សាំងកូវីដ គឺជាការជំរុញលើកទឹកចិត្តដល់ពួកគាត់មកទទួលយកការចាក់វ៉ាក់សាំង ព្រោះថាមនុស្សចាស់ជាក្រុមប្រឈមមុខនឹងជំងឺកូវីដ។
ក្រៅពីនេះ លោកជំទាវបានបន្តក្រើនរំលឹកដល់ពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ សូមរួសរាន់ទៅទទួលការចាក់វ៉ក់សាំងឱ្យបានគ្រប់ៗគ្នា។
គិតត្រឹមព្រឹកថ្ងៃទី១៣ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទស បានផ្តល់អំណោយជូនដល់លោកតាលោកយាយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ដែលមានអាយុពី១០០ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេសចំនួន១៣៩នាក់រួចមកហើយ ដែលក្នុងនោះមាន១៤នាក់ រស់នៅខេត្តបាត់ដំបង៕