(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យជួបជជែកជាមួយមន្ត្រីប្រទេសាយប្រឹស ដើម្បីបញ្ចប់ការភ័ន្តច្រឡំមួយចំនួន ជុំវិញការចេញផ្សាយពាក់ព័ន្ធការផ្តល់សញ្ជាតិដល់សម្តេចពីសំណាក់សារព័ត៌មានអង់គ្លេស The Guardian។ សម្តេចតេជោ បានចាត់ទុកប្រទេសសាយប្រឹស និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះពីការចេញផ្សាយខុសពីការពិតមួយនេះ។
ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា «រដ្ឋទាំងពីរ សុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែសារព័ត៌មាន The Guardian។ ដ្បិតថាសារព័ត៌មានបានកែហើយ តែយើងត្រូវបញ្ជាក់រវាងរដ្ឋ និងរដ្ឋជាមួយគ្នា។ បើចាំបាច់ឯកឧត្តម ប្រាក់ សុខុន ឬឯកឧត្តម កើត រិទ្ធ ជួបរដ្ឋមន្ត្រីការបរទេស ឬជួបរដ្ឋមន្ត្រីយុត្តិធម៌ តាមប្រព័ន្ធវីដេអូ និយាយគ្នាឱ្យច្បាស់លើរឿងហ្នឹង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថា រឿងនេះ មិនមែនជារឿងតូចតាច់នោះឡើយ គឺពាក់ព័ន្ធនឹងមេដឹកនាំជាតិមួយ ដែលត្រូវបានគេមូលបង្កាច់។ សម្តេចតេជោ ក៏បានណែនាំឱ្យឯកអគ្គរាជទូតខ្មែរនៅទីក្រុងប៉េកាំង ជួបជាមួយទូតប្រទេសសាយប្រឹស ហើយបើសាយប្រឹសមិនឆ្លើយតបទេ គឺត្រូវធ្វើកំណត់ទូតជូនទៅកាន់ប្រទេសនេះថែមទៀត។
បើតាមសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំពាក់ព័ន្ធរឿងសញ្ជាតិនេះ កម្ពុជា បានធ្វើកំណត់ទូត ទៅអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអគ្គរដ្ឋទូតប្រទេសអឺរ៉ុបប្រចាំនៅកម្ពុជា បូករួមទាំងប្រទេសអង់គ្លេសផងដែរ។
សូមបញ្ជាក់ថា សារព័ត៌មានរបស់អង់គ្លេស The Guardian កាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅ បានចេញផ្សាយថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ក្នុងចំណោមបណ្តាប្រទេសជាច្រើនទទួលបានសញ្ជាតិពីប្រទេសសាយប្រឹស។
ការចុះផ្សាយនាំឱ្យមានការប្រតិកម្មខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា និងមានការទាមទារឱ្យបំភ្លឺឡើងវិញពីសារព័ត៌មានមួយនេះផងដែរ។ ក្រោយការទាមទារ សារព័ត៌មានមួយនេះ ក៏បានយល់ព្រមកែប្រែការផ្សាយរបស់ខ្លួនដោយប្តូរមកថា មនុស្សក្បែរខ្លួនសម្តេចតេជោ ជាអ្នកទទួលបានសញ្ជាតិពីប្រទេសសាយប្រឹសវិញ៕