(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺកូវីដ១៩ ទោះបីជានៅទីក្រុង ឬស្រុកស្រែចំការក្តី តែការពារខ្លួនកុំឲ្យឆ្លងជំងឺដ៏សាហាវនេះ។
សម្តេចតេជោជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលសម្លាប់មេរោគឲ្យបានជាប្រចាំ កុំឲ្យមានការចម្លងរោគកូវីដ-១៩ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិក ក្នុងក្រុមគ្រួសារ ដើម្បីសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងក្នុង Facebook យ៉ាងដូច្នេះថា «មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។ ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ 8,242,999 នាក់ ដែលមានអ្នកស្លាប់រហូតដល់ 445,535 នាក់។ ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់មកពីឥណ្ឌូនេស៊ី និង១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល។
សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចំការ គឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជេលសម្លាប់មេរោគឲ្យបានជាប្រចាំ។ ចំពោះទីកន្លែងប្រមូលផ្តុំ ដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬជេលដើម្បីឲ្យពលរដ្ឋប្រើប្រាស់ការពារកុំឲ្យមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។
សូមអរគុណបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិក ក្នុងក្រុមគ្រួសារដើម្បីសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នានៅទូទាំងប្រទេស»៕