(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធកីឡាហុកគីកម្ពុជា ដោយទទួលបានការគាំទ្រពីអង្គការសាមគ្គីអូឡាំពិក បានរៀបចំវគ្គសាមគ្គីអូឡាំពិកស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហុកគីកម្រិត១ រយៈពេល ១សប្ដាហ៍ពេញចាប់ពីថ្ងៃទី២៤-៣០ ខែកញ្ញា ឆ្នាំ២០២១។
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ នេះបានធ្វើឡើងក្រោមវត្ដមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានសហព័ន្ធ ដោយមានសិក្ខាកាមចូលរួមសរុប ២៥នាក់មកពី ៩រាជធានី-ខេត្ត។ វគ្គនេះបង្រៀនដោយលោក Tahir Zaman គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាហុកគីអន្ដរជាតិ។ ប៉ុន្ដែដោយគោរពវិធានការក្រសួងសុខាភិបាល សិក្ខាកាមចូលរៀនវគ្គនេះមួយចំនួន ត្រូវសិក្សាតាមអនឡាញ។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់គ្រូបង្វឹក ក្នុងការដុះខាត់ជំនាញរបស់ខ្លួន ដើម្បីចូលរួមជំរុញ និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីហុកគីកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសស្របជាមួយទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះលោកបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ត្រូវពង្រឹងស្មារតី និងយកចិត្តទុកដាក់សិក្សា ដើម្បីក្លាយជាគ្រូបង្វឹកមានចំណេះដឹងពិតប្រាកដ ស្ទាត់ជំនាញ និងមានប្រសិទ្ធក្នុងការអនុវត្ត។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធបានថ្លែងអំណរគុណអង្គការសាមគ្គីអូឡាំពិក (OS) NOCC ក៏ដូចជាសហព័ន្ធកីឡាហុកគីអន្ដរជាតិ ដែលបានគាំទ្រ និងជំរុញឲ្យមានកម្មវិធីនេះឡើង ស្របតាមស្មារតីបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ លោកសង្ឃឹមថា វគ្គនេះនឹងជួយបង្កើនសមត្ថភាពគ្រូបង្វឹកកម្ពុជាមួយកម្រិតបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍ និងផលិតធនធានកីឡាករ-កីឡាការិនីត្រៀមឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
ចំពោះមេរៀនសំខាន់ៗដែលត្រូវសិក្សាក្នុងវគ្គនេះមានដូចជាតួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារធាតុហាមឃាត់ បទបញ្ជាការប្រកួត ការប្រកួត ការស៊ុត ការបញ្ជូន ការការពារ និងអ្នកចាំទីជាដើម។ ប៉ុន្ដែសិក្ខាកាមចូលរួមវគ្គនេះ ត្រូវគោរពដាច់ខាតនូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំរបស់រាជរដ្ឋាភិបាល ជាក់ស្ដែងមុនពិធីបើកវគ្គនៅថ្ងៃសុក្រនេះ ក៏មានការធ្វើតេស្ដរកជំងឺកូវីដ-១៩ ផងដែរ៕