បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool បានបញ្ជាក់ផ្លូវការពីគំរោងពង្រីកកីឡដ្ឋាន Anfield របស់ខ្លួនបន្ថែម ៧ពាន់កៅអីទៀតឱ្យរួចរាល់មុនរដូវកាល ២០២៣-២៤។ ពិធីសម្ពោធបើកការដ្ឋានសាងសង់នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។
គំរោងនេះត្រូវបានបង្ហាញតាំងពីដើមរដូវកាលម្ល៉េះ ប៉ុន្តែត្រូវរង់ចាំការអនុញ្ញាតពីអាជ្ញាធរដែនដី។ ៧ពាន់កៅអីបន្ថែមមានន័យថា Anfield នឹងអាចផ្ទុកទស្សនិកជនសរុបបានដល់ទៅ ៦១០០០នាក់។ គំរោងសាងសង់នេះដែរក៏បូកបញ្ចូលការសាងសង់ផ្នែកបន្ថែមទៀត ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីផ្សេងៗដូចជាការប្រគុំតន្ត្រី និងការសំដែងផ្សេងៗជាដើម។ ការពង្រីកសក្តានុពលកីឡដ្ឋាន Anfield នេះនឹងត្រូវចំណាយលុយប្រមាណ ៦០លានផោនដែលនឹងធ្វើឱ្យ Anfield ក្លាយជាកីឡដ្ឋានបាល់ទាត់ធំជាងគេទី៤ នៅអង់គ្លេស៕