ភ្នំពេញ ៖ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានផ្សព្វផ្សាយពីសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីអបអរសាទរទិវារំលឹកខួប ២៨ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណណាចក្រកកម្ពុជា និងធ្វើការបោះពុម្ភ ដើម្បីចែកជូនទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថានទូត រួមទាំងគ្រឹះស្ថានអប់រំ ទាំងសាធារណៈ និងឯកជន រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងឱកាសផ្សព្វផ្សាយសៀវភៅរដ្ឋធម្មនុញ្ញ ចំនួន១០ម៉ឺនក្បាល និងសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា ការបោះពុម្ពសៀវភៅនេះ គឺមានលក្ខណៈកាន់តែពិសេស និងកាន់តែងាយស្រួលថែមទៀត ដោយបន្ថែមនូវកំណត់សម្គាល់បង្ហាញនូវកម្រងមាត្រារដ្ឋធម្មនុញ្ញទាំងអស់ តាមលំដាប់លេខរៀងនៃមាត្រានីមួយៗ ដែលត្រូវបានធ្វើវិសោធនកម្ម ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ឲ្យមានភាពងាយស្រួលមួយកម្រិតថែមទៀត អាចមើលឃើញក្នុងពេលតែមួយ នូវខ្លឹមសារនៃមាត្រាដើម និងខ្លឹមសារវិសោធនកម្មនៃមាត្រានោះ ទោះបីជាមាត្រានោះ ត្រូវបានធ្វើវិសោធនកម្មប៉ុន្មានលើកក៏ដោយ ។
ឯកឧត្តម បន្តថា ដោយយល់ឃើញឧត្តមប្រយោជន៍នៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩ បានឯកភាពដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ក្នុងកម្មវិធីសិក្សាកម្រិតបឋម ធម្យម និងថ្នាក់ទុតិយភូមិ ដោយបច្ចុប្បន្ន គណៈកម្មការចម្រុះនៃស្ថាប័នទាំងពីរ បានរៀបចំខ្លឹមសាររួចរាល់អស់ហើយ រងចាំតែការបោះពុម្ពបញ្ចូល ទៅក្នុងសៀវភៅសិក្សាថ្មីតែប៉ុណ្ណោះ ។
ឯកឧត្តម អ៊ឹម ឈុនលឹម បានបញ្ជាក់ថា ក្នុងបរិបទនៃសុខសន្តិភាពពេញលេញ និងឯកភាពជាតិ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានផ្តល់នូវសមិទ្ធផលធំៗ សម្រាប់កម្ពុជា មានជាអាទិ៍១. កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ, ២.កម្ពុជាវិវត្តឈានឡើងជាសង្គមប្រជាធិបតេយ្យសេរីពហុបក្ស, ៣. កម្ពុជា អនុវត្តតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ទន្ទឹមនឹងការយកចិត្តទុកដាក់ ជួយឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមានកម្រិតសមរម្យ និង៤. កម្ពុជាជាដែនដីធ្វើឲ្យរស់ឡើងវិញ ព្រមទាំងថែរក្សានិង ពង្រីកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្ថែមថា សម្រាប់សមិទ្ធផលជាតិធំៗ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលកំពុងប្រារព្ធពិធីអបអរសាទរនេះ គឺជាមរតកជាតិ សម្រាប់ពលរដ្ឋខ្មែរ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត បន្តថែរក្សាឲ្យបានគង់វង្ស និងប្រើប្រាស់ធ្វើជាធនធាន ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ធ្វើឲ្យសម្រេចគោលដៅកម្ពុជា សម្រាប់ឆ្នាំ២០៣០ និងសម្រាប់ឆ្នាំ២០៥០ ៕