ព្រះសីហនុ ៖ នៅវត្ដក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលជាថ្ងៃកាន់បិណ្ឌ មានពលរដ្ឋជាពុទ្ធសាសនិក បានអញ្ជើញមកធ្វើបុណ្យនៅវត្ដអារាម យ៉ាងច្រើនកុះករ ដោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចូលរួមធ្វើបុណ្យផង និងចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ប្រជាពលរដ្ឋពុទ្ធបរិស័ទដែលចូលរួមកាន់បិណ្ឌ បានលើកឡើងថា គាត់មានសេចក្ដីរីករាយចំពោះរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានធ្វើបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ហើយពួកគាត់ក៏មិនភ្លេចខ្លួនដែរចំពោះការអនុវត្ដ នូវវិធានការ ការពារ ក្នុងក្នុងការចូលរួមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្របខ្លួនរស់នៅបែបគន្លងថ្មី ដោយមានអនាម័យ ការប្រុងប្រយ័ត្នខ្ពស់ ។
ដើម្បីបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា តាមជំនឿ និងចូលរួមចំណែកថែរក្សា នូវប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ ដែលជាអត្ដសញ្ញាណដ៏ថ្លែថ្លារបស់ជាតិ ឱ្យបានគង់វង្ស និងរៀបចំបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានឱ្យដំណើរការ និងប្រព្រឹត្ដទៅស្របតាមទំនៀមទម្លាប់និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្ដិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តាមការជាក់ស្ដែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្ដវិធានការចាំបាច់នានាសំដៅកាត់ផ្ដាច់និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ដព្រះសីហនុ សូមធ្វើាការណែនាំ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយអំពី ខ្លឹមសារពិធីបុណ្យទាំងពីរនេះ ឱ្យបានជ្រូតជ្រាបដល់មន្ដ្រីរាជការក្រោមឱវាទ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្ដអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ដោយត្រូវអនុវត្ដវិធានការការពារនានា របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃជាមួយសាប៊ូ ឬអាល់កុល និងរក្សាគម្លាត សុវត្ថិភាពសង្គម-បុគ្គល។
គ្រប់វត្ដអារាម ត្រូវអនុវត្ដឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣កុំ និង៣ការពារ” និងវិធានការសុខា ភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។ យោងតាម សេចក្ដីជូនដំណឹងលេខ ០២១/២១ ស.ណ.ន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ដព្រះសីហនុ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។
សូមបញ្ជាក់ថា បូណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់របស់សាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្វធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។
ម្ស៉ាងទៀត ពិធីបុណ្យនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្ដាយ បងប្អូនញាតិមិត្ដ សាច់សាលោហិត ដែលរស់នៅទី ផ្សេងៗគ្នា និងអាចស្វែងយល់ពីសុខទុក្ខ និងដំណើរប្រព្រឹត្ដិទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង៕