(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋម្នាក់ ដែលនាងអះអាងថា ត្រូវប្តីវាយធ្វើបាបនៅប្រទេសចិន។ នេះបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ប្រាប់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
ការដុតដៃដុតជើងអន្តរាគមន៍ពីរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីស្ត្រី ដែលអះអាងថា ខ្លួនជាជនរងគ្រោះផងនោះ អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម Tik Tok ជួយសង្គ្រោះនាងឱ្យបានមាតុភូមិនិវត្តន៍វិញ ក្រោយប្តីវាយធ្វើបាបអស់រយៈពេល ៤ឆ្នាំ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានទាក់ទងទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ហើយនាយកដ្ឋានបានធ្វើទំនាក់ទំនងទៅស្ថានទូតកម្ពុជានៅចិន តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង Focal Point នៅប្រទេសចិន ដើម្បីរកអាសយដ្ឋាន ដែលស្ត្រីរងគ្រោះរស់នៅ។
លោកស្រី ជូ ប៊ុនអេង បានស្រង់របាយការណ៍ នាយកដ្ឋានមកបញ្ជាក់ថា៖ «រហូតដល់ពេលនេះនាយកដ្ឋានជំនាញ បានខិតខំស្រាវជ្រាវរកឃើញក្រុមគ្រួសារជនរងគ្រោះនៅខេត្តកំពង់ស្ពឺ លេខទំនាក់ទំនង និង Location របស់ជនរងគ្រោះនៅប្រទេសចិនហើយ និងបានផ្តល់ជូនព័ត៌មានទាំងនេះទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជានៅចិន និងជនបង្គោលក្រុមការងារមេគង្គឡានឆាន់រួចហើយ ដើម្បីមានមូលដ្ឋានអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះនៅប្រទេសគោលដៅ។ នាយកដ្ឋានកំពុងបន្តមានចំណាត់ការស្រាវជ្រាវរកមេខ្យល់ចាត់ការតាមច្បាប់»។
នៅក្នុង Tik Tok នារីរងគ្រោះរៀបរាប់ថា នាងមានឈ្មោះ អាត់ សុភក្រ្ត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម្តាយឈ្មោះ ភី និងឪពុកឈ្មោះ អុល។ សុភក្ត្រ បានអំពាវនាវ ទាំងទឹកមុខក្រៀមក្រំ ដោយបញ្ជាក់ទៀតថា «សូមសម្តេច ហ៊ុន សែន ជួយនាងខ្ញុំផង ឱ្យបានទៅខ្មែរវិញ»៕