(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានរកឃើញក្លិបថ្មី ដើម្បីបន្ដអាជីពនៅអឺរ៉ុបបានហើយ គឺក្លិប FK Suduva នៃក្របខណ្ឌលីគកំពូលប្រទេសលីទុយអានី (A Lyga) ដោយលោកនឹងពាក់អាវលេខ៣។ នេះបើយោងតាមការប្រកាសផ្លូវការរបស់ក្លិបកាលពីយប់មិញ។
ក្នុងវ័យ ៣៥ឆ្នាំ FK Suduva គឺជាក្លិបទី១១ ក្នុងចំណោម ៩ប្រទេសនៅអឺរ៉ុប ដែលអតីតសមាជិកក្រុមជម្រើសជាតិជប៉ុនបានប្រកបអាជីព ក្រៅពីប្រទេសកំណើត ដោយអតីតតារាឆ្នើមរបស់ AC Milan ធ្លាប់លេងឲ្យក្លិបនៅប្រទេសហូឡង់ រុស្ស៊ី អ៉ីតាលី ម៉ិកស៊ិក អូស្ត្រាលី ប្រេស៊ីល ព័រទុយហ្គាល់ និងអាស៊ែបៃហ្សង់ជាដើម។
Honda បានលើកឡើងមូលហេតុ ២យ៉ាងដែលលោកសម្រេចចិត្តចូលរួមជាមួយអតីតក្រុមជើងឯក ៣សម័យនេះ ទី១-ការប្រកួតប្រជែងមានរយៈពេលខ្លី ដោយនឹងបញ្ចប់រដូវកាលមុនឆ្នាំថ្មី និងទី២-ក្រុម FK Suduva មានឱកាសខ្ពស់ ដើម្បីឈ្នះពាន A Lyga។ ពិសេសបើក្លិបលើកពាន FK Suduva នឹងទទួលបានឱកាសលេងវគ្គជម្រុះ UEFA Champions League 2022-2023 ទៀតផង។
FK Suduva បច្ចុប្បន្នកំពុងឈរកំពូលតារាងលីគកំពូល A Lyga របស់លីទុយអានី ដោយមាន ៥៥ពិន្ទុពីការប្រកួត ២៦លើក ឈ្នះ ១៧ ស្មើ ៤ និងចាញ់ ៥ តាមពីក្រោយដោយក្រុមជើងឯក ៨សម័យ Zalgiris Vilnius។ ក្លិបទី១១ របស់ Honda បានគ្រងជើងឯក A Lyga ៣សម័យជាប់គ្នា កាលពីឆ្នាំ២០១៧, ២០១៨ និងឆ្នាំ២០១៩ ខណៈឆ្នាំ២០២០ បានត្រឹមជើងឯករងប៉ុណ្ណោះ ក្រោយចាញ់ពិន្ទុក្លិប Zalgiris ២ពិន្ទុ៕