(ភ្នំពេញ)៖ នាឱកាសដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១, ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក៏បានអញ្ជើញចុះហត្ថលេខាជាមួយលោក Wu Jianghao ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លើវិញ្ញាបនបត្រប្រគល់-ទទួលសម្ភារជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនជូនដល់អាជ្ញាធរមីនផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក វ៉ាង យី។
នាឱកាសចុះហត្ថលេខានេះ សាធារណរដ្ឋប្រជាមានិតចិន ក៏បានចុះហត្ថលេខាលើលិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។
ជំនួយនេះជាការឆ្លើយតបរបស់នាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ទៅលើសំណើសុំរបស់អាជ្ញាធរមីនដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន សម្រាប់អនុវត្តផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥។
សម្ភារដែលបានទទួលនាពេលនេះរួមមាន៖
*ទី១៖ ឧបករណ៍បោសសម្អាតមីន១៣០គ្រឿង
*ទី២៖ កញ្ចប់សម្ភារបោសសម្អាតមីន១១០កញ្ចប់
*ទី៣៖ កញ្ចប់សម្ភារបំផ្ទុះមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម៧០កញ្ចប់
*ទី៤៖ ឧបករណ៍ការពារសុវត្ថិភាព២៥គ្រឿង
*ទី៥៖ មួកការពារសុវត្ថិភាព២៥មួក
*ទី៦៖ ដ្រូន៣គ្រឿង
*ទី៧៖ រថយន្ត SUV ៥គ្រឿង
*ទី៨៖ រថយន្ត Pickup ៨គ្រឿង។
ចាប់តាំងពីឆ្នាំ២០១៥មក សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាថវិកា និងសម្ភាររៀងរាល់ឆ្នាំដល់អាជ្ញាធរមីន និងប្រតិបត្តិករបោសសម្អាតមីនជាតិនៅកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ និងផ្តល់ដីសុវត្ថិភាពសម្រាប់ការសាងសង់លំនៅដ្ឋាន មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផ្សេងទៀត។
ទន្ទឹមគ្នានោះ សាធារណរដ្ឋប្រជាមានិតចិន ក៏បានផ្តល់អាហារូបករណ៍រៀងរាលឆ្នាំ ដល់មន្ត្រី-បុគ្គលិករបស់អាជ្ញាធរមីន និងប្រតិបត្តិករបោសសម្អាតមីនជាតិ ដើម្បីទៅទទួលការបណ្តុះបណ្តាលជំនាញបោសសម្អាតមីន នៅសាធារណរដ្ឋប្រជាមានិតចិន ហើយទើបនឹងត្រូវបានអាក់ខាននៅពេលមានការចាប់ផ្តើមរីករាលដាលនៃជំងឺកូវីដ១៩។ ការផ្តល់សម្ភារនាពេលនេះ ជាផ្នែកមួយនៃជំនួយប្រចាំឆ្នាំដែលសាធារណរដ្ឋចិន តែងតែផ្តល់ជូនវិស័យសកម្មភាពមីននៅកម្ពុជា និងជាសក្ខីភាពមួយនៃចំណងមិត្តភាពដែលកាន់តែរឹងមាំឡើងៗរវាងចិន និងកម្ពុជា។
ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការបន្តគាំទ្រដល់វិស័យ សកម្មភាពមីននៅកម្ពុជា និងសង្ឃឹមយ៉ាងមុតមាំថាជំនួយដ៏មានអត្ថន័យនេះ នឹងបង្កើនប្រសិទ្ធភាពក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងភារកិច្ចមនុស្សធម៌ឆ្ពោះទៅរក កម្ពុជាមួយដែលគ្មានមីនត្រឹមឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕