(គូឡាឡំាពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានបង្ហាញការស្វាគមន៍ និងពេញព្រះទ័យ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រឆាំង និងរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងព្រះរាជក្រឹត្យមួយរបស់ព្រះចៅ Sultan Abdullah ទ្រង់បានមានបន្ទូលដូច្នេះថា «ខ្ញុំសូមសម្ដែងការស្វាគមន៍ និងពេញព្រះទ័យជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការសម្រេចឱ្យបាននូវយុទ្ធសាស្ត្រថ្មី, កិច្ចសហប្រតិបត្តិការទ្វេបក្ស (បក្សប្រឆាំង និងបក្សកាន់អំណាច) ចេញមកពីគ្រប់ភាគីទាំងអស់ ដែលទាំងអស់នេះ នឹងជួយកសាងបរិយាកាសនយោបាយថ្មីមួយ ហើយនំាមកនូវការផ្លាស់ប្ដូរ នៃប្រព័ន្ធរដ្ឋបាលដឹកនាំប្រទេសបច្ចុប្បន្ន»។
គួរបញ្ជាក់ថា ព្រះរាជក្រឹត្យនេះត្រូវបានអានដោយព្រះចៅ Sultan Abdullah ផ្ទាល់នៅក្នុងព្រះរាជសុន្ទរកថា បើកកិច្ចប្រជុំសភាជាតិម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ដែលជាកិច្ចប្រជុំសភាដំបូងបំផុត ធ្វើឡើងក្រោមរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី អ៊ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob)។ សមាជិកសភាតំណាងរាស្ត្រម៉ាឡេស៊ី នឹងត្រូវជួបប្រជុំគ្នាសម្រាប់រយៈពេល ១៧ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី១២ ខែតុលា ខណៈព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពីថ្ងៃទី០៤ ខែតុលា ដល់ថ្ងៃទី២៦ ខែតុលា៕