(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា យុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ និងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ។
ការលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេចព្រមទាំងសមាជិកសមាជិការដ្ឋសភា និងក្រុមគ្រួសារ បានអញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ តាមការរៀបចំរបស់ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។
សម្តេច ហេង សំរិន បានលើកឡើងយ៉ាងដូច្នេះថា៖ «បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋ និងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ»។
បន្ថែមពីនេះ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ រួមនឹងដៃគូអភិវឌ្ឍន៍ទំាងឡាយ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជារហូតមក។
សម្តេចប្រធាន បានកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធពលខេមរភូមិន្ទ ព្រមទំាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាងនៅក្នុងការចុះចាក់វ៉ាក់សាំង និងធ្វើកិច្ចអន្តរាគមន៍តាមភារកិច្ច ដើម្បីធ្វើឱ្យយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារសុខុមមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យធំធេង។
សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា «រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសសំដៅឈានទៅសម្រេចឱ្យបាននូវភាពសាំសហគមន៍ ដែលជាកក្តាជំរុញធានាឱ្យបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារបានឡើងនូវបញ្ហាសេដ្ឋកិច្ច។ កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំង បានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ រហូតមកដល់ពេលនេះសឹងតែ១០០%ហើយ នៃចំនួន១០លាននាក់នោះ បានទៅទទួលវ៉ាក់សំាង។ ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ ដល់១៧ឆ្នាំ មកដល់ពេលនេះជិត៩០% ហើយដែរ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងចំណោមជិត ២លាននាក់នោះ»។
ក្រសួងសុខាភិបាលបានកំពុងបន្តយ៉ាងមមាញឹក នៅក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់ពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូង ដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ដែលមានអាយុត្រូវចាក់ ឱ្យបានគ្រប់ៗគ្នាទទួលបានវ៉ាក់សាំងកូវីដ១៩។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា យុទ្ធសាស្រ្តវ៉ាក់សាំង បានធ្វើឱ្យកម្ពុជានឹងអាចបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដែលគោរពបានតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមរយៈការប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ។
សម្តេចប្រធានរដ្ឋសភា បានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ទោះបីបានចាក់វ៉ាក់សាំងហើយក្តី សូមបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបអាចជៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបានសេចក្តីសុខពេញលេញក្នុងពេលឆាប់ៗ ខាងមុខនេះ៕