(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ី។
ក្រសួងសុខាភិបាលបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសដែលរកឃើញកើតជំងឺកូវីដ១៩នេះ មានអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។
បុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៩នាក់ហើយ រួមទាំងអ្នកទើបរកឃើញថ្មីនេះ។ ក្នុងនោះ១២៦នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ តាមរយៈអនុវត្តន៍នូវវិធានការអនាម័យ និងវិធានកាទាំងឡាយដែលក្រសួងបានណែនាំ៕