ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ព័ត៌មានពីបានបញ្ហាគ្រោះមហន្តរាយ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័ស ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ ។
នៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការជំរុញឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និងបង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។
ឯកឧត្តម បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយនៅមូលដ្ឋាន ដែលត្រូវឆ្លើយតបមុន ដូចនេះសហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ដែលចាំបាច់ត្រូវជួយពួកគេឲ្យមានសមត្ថភាពត្រៀមបង្ការ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងស្ដារឡើងវិញពីគ្រោះមហន្តរាយ ។
ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនានា ចូលរួមចែករំលែកព័ត៌មាន អំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយ ជាក់លាក់ និងទាន់ពេលវេលា សម្រាប់ការឆ្លើយសង្គ្រោះបន្ទាន់ ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ ។
ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ ។
របាយការណ៍បានបន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គសម្រាប់ការត្រៀមលក្ខណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គ ហើយនឹងពង្រឹង និងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ ។
គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ចំនួន ៥៨នាក់ ពលរដ្ឋរងផលប៉ះពាល់ចំនួន ២២២ ៨៩២គ្រួសារ និងពលរដ្ឋជម្លៀសរុបចំនួន ១៧ ៥១៧គ្រួសារ ៕