(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រទេសទាំងអស់ ចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង និងកាត់បន្ថយកាបូន នៅលើពិភពលោក។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំឡើងដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ថាមពល អាកាសធាតុ បរិស្ថាន»។
ក្នុងសុន្ទរកថាជាង៩នាទីសម្រាប់វេទិកានេះ សម្តេចតេជោ បានកត់សម្គាល់ថា បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស, សន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី ជារួមជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកប ដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរ ពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន»។
ជាមួយគ្នានេះ, ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។
សម្តេចបានបន្តថា «ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ, ខ្ញុំសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ ខ្ញុំក៏សូមអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប»។
ជាមួយគ្នានេះ សម្តេចក៏បានលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប ។
ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាចាត់ទុកឥណទាន កាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់។ បន្ថែមលើនេះកម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្រ រយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថា នឹងចប់សព្វគ្រប់នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ៕