(ភ្នំពេញ)៖ ខ្សែបម្រើសញ្ជាតិកាមេរ៉ូន Emmanuel Junior Mbarga Mkene ប្អូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធស្នូលក្លិបព្រះខ័នរាជស្វាយរៀង Jean Marie Privat Befolo Mbarga បានទម្លាយមូលហេតុចម្បងដែលជំរុញឲ្យគេសម្រេចចិត្តមកប្រកបអាជីពនៅក្របខណ្ឌលីគកំពូលកម្ពុជា ក្រោយចញ្ចឹមចិត្តអស់ ៣ឆ្នាំ គឺការចង់លេងជាមួយបងប្រុសបង្កើតរបស់ខ្លួន។
កីឡាករវ័យ ២២ឆ្នាំរូបនេះបានបញ្ជាក់ថា «ខ្ញុំបានទាក់ទងចង់មកលេងនៅកម្ពុជានេះ ៣ឆ្នាំមកហើយ បងប្រុសខ្ញុំ Privat ក៏បានទាក់ទងដែរ។ ៣ឆ្នាំមកនេះ ខ្ញុំព្យាយាមតាមដានមើលលីគកំពូលកម្ពុជា ហើយអ្វីដែលធ្វើឲ្យខ្ញុំសម្រេចចិត្តខ្លាំងនោះ គឺខ្ញុំចង់លេងជាមួយបងប្រុសខ្ញុំ នេះជាបំណងប្រាថ្នារបស់ខ្ញុំ។ មួយវិញទៀត ខ្ញុំចង់បង្ហាញអ្នកគាំទ្រទាំងអស់ថា ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទាំង ២នាក់បងប្អូនសម្រាប់ក្រុមទាំងមូល និងពួកយើងទាំងអស់គ្នា…»។
Emmanuel Mbarga បានផ្ទេរមកពីក្លិប Tours FC សមាជិកក្របខណ្ឌលំដាប់ទី៥ នៃលីគបារាំង (National 3) ហើយគេ ក៏ធ្លាប់លេឲ្យក្លិប Agueda នៅព័រទុយហ្គាល់ និងធ្លាប់ជាប់ជម្រើសជាតិ U23 កាមេរ៉ូនទៀផង។ ប្អូនបង្កើតរបស់ម្ចាស់ស្បែកជើងមាស ២សម័យ Privat រូបនេះ នឹងត្រូវចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅជុំទី២ នៃលីគកំពូលកម្ពុជា ដោយជំនួសកៅអីខ្សែបម្រើប្រេស៊ីល Thiago de Jesus ដែលត្រូវបានក្រុមលោក Conor Nestor សម្រេចចែកផ្លូវកាលពីថ្មីៗ៕