ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នូវដូសទី៣ ឬក៏ដូសជំរុញ វានឹងធ្វើឲ្យសរីរាង្គរបស់មនុស្សកាន់តែខ្លាំង ហើយវាអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaបានផងដែរ ខណៈការចាក់ដូសទី៣ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១២ ឆ្នាំឡើងទៅ ផ្តើមចេញពីខែសីហាឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដលេខរៀងទី៩លាន ស្ថិតនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការចាក់វ៉ាក់សាំងនូវដូសទី៣ហើយ កម្លាំងនៃវ៉ាក់សាំងនឹងធ្វើការរុញច្រានឲ្យសន្ទុះកងការពារ ឬឌ័គ័ររបស់មនុស្សយើងឲ្យខ្លាំងឡើងវិញ ហើយវាចាំបាច់បំផុតក្នុងការពិចារណាចាក់នូវដូសជំរុញនេះឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺក្រុមគ្រូពេទ្យជូរមុខ និងមន្រ្តីស្រួចជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ គ្រប់វិស័យ និងការរស់នៅជាមួយមេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។
ការចាក់ដូសទី៣ ឬដូសជំរុញនេះ រាជរដ្ឋាភិបាលបានសម្រេចយកវ៉ាក់សាំង AstraZeneca) ចាក់ជូនដល់មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា កាលពីដើមខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀតបានយ៉ាងល្អផងដែរ។
យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះមិនទាន់បានបើកជាទូលំទូលាយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឡើយទេ ដោយលោកជំទាវ អះអាងថា ប្រមុខរាជរដ្ឋាភិបាលកំពុងតែគិតពិចារណា និងយកចិត្តទុកដាក់ខ្ពស់លើករណីនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាជំហានបឋមគឺរាជរដ្ឋាភិបាលពន្លឿងចាក់មនុស្សឲ្យបាន១០លាននាក់ ឲ្យរួចរាល់ជាមុនសិនទើបនឹងគិតគួរបន្តទៀតនោះ៕