(ភ្នំពេញ)៖ ខ្សែការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកម្ពុជា ទេស សម្បត្តិ បានដាក់គោលដៅសំខាន់ៗ៣ បន្ទាប់ពីផ្ទេរចូលក្លិបបាល់ទាត់វិសាខា ទី១-ចង់អភិវឌ្ឍសមត្ថភាព ទី២-ចង់បានកន្លែងហ្វឹកហាត់ល្អ និងមានប្រកួតប្រជែងខ្លាំង និងទី៣-ចង់ជួយវិសាខា ឈ្នះពានអ្វីមួយក្នុងរដូវកាលឆ្នាំ២០២១។
ការលើកឡើងរបស់ខ្សែការពារវ័យ ២១ឆ្នាំខាងលើបន្ទាប់ពីមានការផ្ទេរដ៏ធំក្នុងទីផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា ពីក្លិបជើងឯក ៤សម័យបឹងកេត ទៅកាន់កីឡដ្ឋានព្រីនស៍កាលពីថ្មីៗ។ ទេស សម្បត្ដិ បានសម្ដែងការសប្បាយចិត្ត ក្រោយបានចូលរួមជាមួយវិសាខា ដែលជាកន្លែងមានការប្រកួតប្រជែងខ្ពស់ ហើយគេប្ដេជ្ញាខំប្រឹងទ្វេដង ទោះបានលេង ឬអត់ក៏ដោយ។
កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺខាងលើបានបញ្ជាក់ថា «ខ្ញុំរំពឹងលើខ្លួនឯង នឹងហ្វឹកហាត់ឲ្យខ្លាំង ១០០% មិនថាបានកៅអីលេង ឬមិនលេងទេ គឺខ្ញុំបន្ដការហ្វឹកហាត់របស់ខ្ញុំដដែល។ សម្រាប់គោលដៅដែលខ្ញុំផ្លាស់ប្ដូរមកក្លិបនេះ ដូចខ្ញុំលើកឡើងពីដំបូង ខ្ញុំចង់អភិវឌ្ឍន៍សមត្ថភាពខ្ញុំ ចង់បានកន្លែងហ្វឹកហាត់ដែលល្អ កន្លែងប្រកួតប្រជែងខ្លាំង និងជួយវិសាខាលើកពានអ្វីមួយក្នុងឆ្នាំហ្នឹង»។
គួរដឹងថា ទេស សម្បត្តិ ត្រូវបានផ្ទេរពីបឹងកេត ទៅវិសាខា ក្នុងតម្លៃបិទជិត ដ្បិតខ្សែការពាររហស្សនាម Ramos កម្ពុជារូបនេះ នៅសល់កុងត្រា ១ឆ្នាំទៀត ជាមួយក្រុមនាគខៀវបឹងកេត។ អតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ នឹងត្រូវលេងឲ្យក្លិបថ្មីរបស់ខ្លួននៅជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ៕