(ម៉ានីល)៖ Manny Pacquiao បានបង្ហាញអារម្មណ៍មួយនៅលើបណ្តាញសង្គម ក្រោយពេលមួយថ្ងៃ ពីការចាញ់អ្នកប្រដាល់សញ្ជាតិគុយបា Yordenis Ugas បាត់បង់ខ្សែក្រវ៉ាត់ WBA Super Welterweight ដែលជាខ្សែក្រវ៉ាត់ទម្ងន់មធ្យមពិភពលោក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលជាការប្រកូតត្រូវបានបញ្ចប់ដោយឯកច្ឆនពីអជ្ញាកណ្តាល។
នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅលើបណ្តាញសង្គមបុរសខ្លាំងប្រដាលសកលប្រចាំអាស៊ី Manny Pacquiao បានបង្ហាញអារម្មណ៍ថា «ខ្ញុំសូមអរគុណដល់ព្រះ ដែលបានផ្ដល់កម្លាំងក្នុងការវៃ ហើយអរគុណគ្រួសារខ្ញុំដែលតែងតែនៅជិតខ្ញុំ ហើយចូលរួមអបអរចំពោះ Ugas និងក្រុមពួកគេ នៅពេលដែលខ្ញុំសង្ឃឹមលទ្ធផលផ្សេងក៏ដោយ ខ្ញុំជូនពរឲ្យគាត់ល្អជានិច្ច»។
ដោយលោកក៏បានបន្តទៀតថា «សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ទូទាំងពិភពលោកដែលបានទស្សនា និងអរគុណអ្នកគាំទ្រជនជាតិហ្វីលីពីនទាំងអស់ដែលគាំទ្រខ្ញុំ ហើយខ្ញុំមានមោទនភាពណាស់ដែលបានក្លាយជាអ្នកតំណាងប្រទេសខ្ញុំ ដោយសុំទោសដែលខ្ញុំមិនអាចផ្តល់ជ័យជម្នះបានដល់អ្នក, ប៉ុន្តែខ្ញុំខំអស់ពីសមត្ថភាពហើយ ចេញពីបេះដូងខ្ញុំ សូមជូនពរអ្នកទទួលបានពរពីព្រះ»។
រំលឹកផងថា បុរសវ័យ ៤២ឆ្នាំ Manny Pacquiao ប្រកួតចាញ់ Yordenis Ugas សញ្ជាតិគុយបា ក្នុងការប្រកួត ១២ទឹកពេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ប្រដាល់សកលកម្រិតទម្ងន់មធ្យមពិភពលោក WBA Super Welterweight នៅសហរដ្ឋអាមេរិក ដោយនេះជាការបរាជ័យរបស់ Manny Pacquiao នៃរយៈពេល ២ឆ្នាំបន្ទាប់ពីដណ្តើមបានពីកីឡាករ Keith Thurman កាលឆ្នាំ២០១៩៕