ភ្នំពេញ៖ នៅថ្ងៃសុក្រសប្តាហ៍នេះនឹងត្រូវប្រកាសចូលកាន់តំណែងជាថ្មី នៃគណៈអភិបាលខណ្ឌចំនួន២នៅរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នឹងត្រូវប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌឬស្សីកែវ ចំណែកលោក ជា ពិសី នឹងត្រូវផ្លាស់មកកាន់តំណែងជាអភិបាលខណ្ឌទួលគោកវិញម្តង។
ពិធីប្រកាសចូលកាន់តំណែងថ្មី របស់អភិបាលខណ្ឌទាំង២រូបនេះ បើមិនមានការប្រែប្រួលទេ នៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហាឆ្នាំ២០២១ខាងមុខនេះ នឹងធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបំពេញការងាររបស់ខ្លួន នៅក្នុងខណ្ឌទួលគោកបាន ចំនួន២អាណត្តិ ហើយក៏ដល់ពេល ដែលត្រូវទៅកាន់តំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខណ្ឌថ្មីដែរ។ ដោយឡែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវមកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកវិញ។
គួរបញ្ជាក់ផងដែរថា អភិបាលខណ្ឌនីមួយៗ បើបំពេញការងាររបស់ខ្លួន ក្នុងមុខតំណែងបានល្អប្រសើរ នឹងត្រូវបានកាន់តំណែងជាអភិបាលខណ្ឌនោះ រហូតដល់២អាណត្តិ (៨ឆ្នាំ ) តែបើគ្រប់អាណត្តិហើយ ត្រូវបន្តផ្លាស់ប្ដូរទៅខណ្ឌផ្សេងទៀត ឬក៏ដំឡើងតួនាទីបន្ថែម៕ អត្ថបទ នាយភ្លុក