(វ៉ាស៊ីនតោន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសការពារជាថ្មីម្តងទៀត ចំពោះការសម្រេចចិត្ត និងចំណាត់ការនានារបស់រដ្ឋបាលលោក ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅចំពោះមុខទិដ្ឋភាពអាក្រក់ៗ ដែលប្រទេសនានាលើពិភពលោក ឬសូម្បីតែសម្ពន្ធមិត្តអាមេរិកកំពុងរិះគន់នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។
តាមរយៈសុន្ទរកថាចេញពីសេតវិមាន និងត្រូវបានចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាការដឹកជញ្ជូនផ្លូវអាកាសដ៏ធំសម្បើម និងពិបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ… មានតែប្រទេសមួយមួយប៉ុណ្ណោះលើពិភពលោក ដែលអាចមានសមត្ថភាពខ្លាំង ក្នុងការចាត់ចែងកិច្ចការបែបនេះ លើសដាច់ឆ្ងាយពីសមត្ថភាពប្រទេសផ្សេងៗទៀតក្នុងលោក នោះគឺសហរដ្ឋអាមេរិកនេះឯង…»។
គួរបញ្ជាក់ថា បើទោះបីជាមានការរិះគន់ចំៗ និងបែបបញ្ឆិតបញ្ឆៀងកន្លងមកនេះ ពីសំណាក់សម្ពន្ធមិត្តធំៗរបស់អាមេរិក ជាពិសេសនៅអឺរ៉ុប អំពីការដកខ្លួនចេញយ៉ាងតក់ក្រហលរបស់អាមេរិក និងការគ្រប់គ្រងទីក្រុងកាប៊ុល បានយ៉ា់ងឆាប់រហ័សលើសពីការព្យាករណ៍ ដោយក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានក៏ដោយ ក៏លោក ចូ បៃដិន នៅតែអះអាងតាមកញ្ចក់ទូរទស្សន៍ថា «វាហាក់ដូចជាគ្មានការចោទជាសំនួរ ចំពោះភាពជឿជាក់លើសហរដ្ឋអាមេរិក ពីសំណាក់បណ្តាសម្ពន្ធរបស់យើង នៅជុំវិញពិភពលោកនោះឡើយ»៕