បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Atletico Madrid និង Chelsea, Diego Costa រកឃើញទ្រនំថ្មីហើយតែមិនមែននៅទឹកដីអឺរ៉ុបឡើយ គឺនៅទឹកដីប្រេស៊ីលជាមួយក្លិប Atletico Mineiro បន្ទាប់ពីចំណាយពេល ៨ខែនៅទំនេរពីអាជីព។ ខ្សែប្រយុទ្ធអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះបានចាកចេញពី Atletico Madrid កាលពីខែធ្នូចុងឆ្នាំ២០២០ បន្ទាប់ពីស្នើសុំក្លិបដើម្បីបញ្ចប់កិច្ចសន្យាមុនកំណត់។
នៅជាមួយ Atletico Madrid កន្លងទៅគឺជាលើកទី២ សំរាប់ Diego Costa តែការមកដល់ទឹកដី Madrid លើកទី២ នេះ Costa មិនមែនជាជំរើសទី១ ដូចមុនឡើយ។ Diego Costa ដែលមានដើមកំណើតធំធាត់នៅទឹកដីប្រេស៊ីល និងធ្លាប់លេងឱ្យក្រុមជំរើសជាតិប្រេស៊ីលប្រកួតមិត្តភាពពីរលើកនៅឆ្នាំ២០១៣ នោះក្រោយមកក៏ទទួលបានសញ្ជាតិអេស្ប៉ាញ និងប្រកាសថា ខ្លួនចង់ប្រកួតតំណាងឱ្យប្រទេសអេស្ប៉ាញនៅឆ្នាំ២០១៤។ Costa ធ្លាប់មានអាជីពជាមួយក្រុមតោខៀវ Chelsea ដោយឈ្នះជើងឯក English Premier League ពីរលើកក្រោយស៊ុតបញ្ចូលទីបាន ៥៩គ្រាប់ក្នុងការបង្ហាញខ្លួន ១២០លើក។
តែក្រោយមក Costa នៅពេលវិសមកាលនៅទឹកដីកំណើតប្រេស៊ីល ក៏បានបដិសេធមិនត្រលប់មកក្លិបវិញក្រោយអ្នកចាត់ការ Chelsea នៅពេលនោះលោក Antonio Conte ឱ្យត្រលប់មកហ្វឹកហាត់វិញជាមួយក្រុមបម្រុង មុនពេលត្រូវបានលក់ចេញទៅ Atletico Madrid វិញ។ តែរបួសបានធ្វើឱ្យរូបគេលេងបានត្រឹម ៤៣ប្រកួតក្នុងលីគនៃរយៈពេល ៣ឆ្នាំចុងក្រោយជាមួយ Atletico Madrid រកបាន ១២គ្រាប់មុនពេលសុំចាកចេញពីក្លិបដោយហេតុផលផ្ទាល់ខ្លួន។ ក្លិបថ្មីរបស់ Costa, Atletico Mineiro កំពុងឈរលើ់គេក្នុងតារាងដាច់ ៥ពិន្ទុនៅក្របខណ្ឌកំពូលប្រេស៊ីល Serie A៕