(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីខែមីនា។
រាល់ព្រះរាជដំណើរយាងចេញក្រៅប្រទេសរបស់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ គឺតែងតែមានការអញ្ជើញថ្វាយព្រះរាជដំណើរពីសំណាក់ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាមេទ័ពកំពូលៗរបស់ជាតិផងដែរ។
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ទៅប្រមុខរដ្ឋស្តីទី ដែលជាប្រធានព្រឹទ្ធសភា៕