(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមថ្មីមួយក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដបន្ថែមទៀត ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង ពីការផ្ទុះឡើងនូវរលកទី ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ នាយកកម្មវិធីសង្រ្គោះបន្ទាន់ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ក៏បានសង្កត់ធ្ងន់ដែរថា ការអះអាងអំពីការឆ្លង COVID-19 ជាចង្កោមក្នុងទីក្រុងប៉េកាំង បង្កឡើងដោយក្រុមអ្នកផ្គត់ផ្គង់ ឬកញ្ចប់ត្រីសាល់ម៉ុន (salmon) នាំចូលពីបណ្ដាប្រទេសអឺរ៉ុប មិនទាន់ក្លាយជាការអះអាងបឋមនោះទេ។ លោក Mike Ryan បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាយើងចាំបាច់ត្រូវស្វែងយល់ និងសង្កតមើលទៅលើអ្វី ដែលបានកើតឡើងនៅក្នុងករណីនេះ ហើយខ្ញុំមិនជឿឡើយថា វាគឺជាសម្មតិកម្មបឋម។ ប៉ុន្តែវាចាំបាច់ត្រូវបង្កើនការស្វែងរកការពិត និងការធ្វើតេស្ដ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកសរុបចំនួន ៥២៦នាក់ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់ជាសះស្បើយឡើងវិញ និង ០៩នាក់ស្លាប់។ ប្រការនេះវាធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយមានចំនួន ១០៦នាក់។ ចំណែកឯករណីប្រភេទ នាំចូលពីបរទេសវិញ រហូតមកទល់ពេលនេះប៉េកាំងបានកត់ត្រាចំនួន ១៧៤នាក់ព្យាបាលជាសះស្បើយទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះដែលកំពុងស្ថិតក្នុង ដំណាក់កាលព្យាបាលនៅឡើយ ខណៈករណីស្លាប់វិញ គឺមិនមានឡើយសូម្បីតែម្នាក់។
ដោយឡែក បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិនទាំងមូលវិញ គឺថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាប្រទេសករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២២១ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៧នាក់៕