កូរ៉េខាងជើង៖ កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងមិនបានឆ្លើយតបទូរស័ព្ទតាមធម្មតា តាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍អន្តរកូរ៉េកាលពីថ្ងៃអង្គារ ទី១០ ខែសីហាទេ ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់នៅទីក្រុងព្យុងយ៉ាងបានព្រមានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអំពីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ។
លោកស្រី Kim Yo Jong ជាប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចោទកូរ៉េខាងត្បូងថា មានអាកប្បកិរិយាមិនសមហេតុផលចំពោះការបន្តធ្វើសមយុទ្ធ បន្ទាប់ពីកូរ៉េខាងជើងបានយល់ព្រមតភ្ជាប់ ខ្សែទូរស័ព្ទទាន់ហេតុការណ៍ឡើងវិញកាលពីចុងខែកក្កដាដែលបានកាត់ផ្ដាច់កាលពីឆ្នាំមុន ស្របពេលមានភាពតានតឹងកើនឡើង។ ប្រភពយោធាបានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងធ្វើសមយុទ្ធដូចទៅនឹងកុំព្យូទ័រនៅសប្ដាហ៍ក្រោយ ប៉ុន្តែសមយុទ្ធដំណាក់កាលដំបូងបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកស្រី Kim Yo Jong បាននិយាយថា សមយុទ្ធនេះគឺជាសកម្មភាពបំផ្លាញខ្លួនឯង ចំពោះការដែលមិនស្ដាប់គ្នាថា កុំឲ្យធ្វើសមយុទ្ធ ព្រោះវាគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពរបស់ប្រជាជនយើង និងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅឧបទ្វីបកូរ៉េ។ លោកស្រីបាននិយាយថា ទាំងនោះគឺជាការបង្ហាញយ៉ាងច្បាស់បំផុត នៃគោលនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងដើម្បីរារាំងរដ្ឋរបស់យើងដោយកម្លាំង៕