(ភ្នំពេញ)៖ ភាគីទាំងកម្ពុជា និងភាគីចិន បានឯកភាពគ្នាក្នុងការពន្លឿនការអនុវត្ត ពិធីសារស្តីពី ការនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលទើបបានចុះហត្ថលេខាថ្មីៗនេះ និងសកម្មពង្រីកការនាំចេញចេក ដំឡូងមី និងផលិតផលកសិកម្មកម្ពុជា ដែលមានគុណភាពផ្សេងទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។
ពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន» ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈពិធីសារនេះ កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ ៥០ម៉ឺនតោនក្នុង១ឆ្នាំទៅកាន់ប្រទេសចិន។
តាមសេចក្តីប្រកាសព័ត៌មានរួមដដែលបានបញ្ជាក់ថា ភាគីចិននឹងពិនិត្យយ៉ាងសកម្មក្នុងការផ្តល់មូលនិធិគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អាទិភាពរបស់កម្ពុជា រួមមាន៖ ផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រជាដើម។ បន្ថែមពីនេះភាគីចិននឹងបន្តគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ភាគីទាំងពីរ ឯកភាពគ្នាចរចាលើផែនការអនុវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសទាំងពីរ នឹងជំរុញទេសចរជាច្រើនទៀត ឱ្យទៅទស្សនាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតឱ្យមាន one-way និង close-loop chartered planes សម្រាប់ភ្ញៀវទេសចរប្រសិនបើលក្ខខណ្ឌតម្រូវនានា ត្រូវបានអនុញ្ញាត ដើម្បីជំរុញការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍។ គម្រោងមួយចំនួនគួរចាប់ផ្តើមអនុវត្តឡើងវិញ តាមដែលអាចធ្វើ ទៅបានដោយមានការពិចារណា អំពីការរីករាលដាលនៃជំងឺឆ្លងផងដែរ ក្នុងនោះមានការផ្លាស់ប្តូរនៃក្រុមវប្បធម៌, ការអភិរក្ស និងស្តារ បេតិកភណ្ឌនៅតំបន់អង្គរ និងការបណ្តុះបណ្តាលអត្តពលិកកម្ពុជាជាដើម។
ជាមួយគ្នានេះដែរ ភាគីចិន ក៏បានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ប្រទេសចិន នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា និងប្រទសសមាជិកអាស៊ានផ្សេងទៀត ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of Parties in the South China Sea) ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea-COC) ដើម្បីឈានដល់ការព្រមព្រៀងជាឯកច្ឆ័ន្ទ តាមរយៈការពិគ្រោះយោបល់។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ រក្សាជំហរថា នៅចំពោះមុខជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់មនុស្សជាតិភាគីទាំងអស់ គួរតែធ្វើកិច្ចការរួមគ្នាប្រឆាំងនឹងការយកបញ្ហាជំងឺធ្វើជានយោយការដាក់បន្ទុកបង្ខូចកិត្តិយសគ្នា ការរើសអើងពូជសាសន៍ និងការប្រកាន់បក្ខពួក ហើយគាំទ្រដល់អង្គការសហប្រជាជាតិដើម្បីអនុវត្ត និងសម្របសម្រួលជាប្រព័ន្ធនូវសកម្មភាពជាសកលប្រឆាំងនឹងជំងឺរាតត្បាតនេះ គាំទ្រអង្គការសុខភាពពិភពលោកក្នុងការបំពេញតួនាទីដឹកនាំចម្បងរបស់ខ្លួន និងរួមគ្នាបង្កើតសហគមន៍ សុខភាពសម្រាប់មនុស្សជាតិ។
ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា ស្តីពីការលើកកម្រិត ភារកិច្ចរបស់ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន បន្ទាប់ពីកិច្ចប្រជុំនេះ។ ភាគីទាំងពីរ ឯកភាពគ្នាថានឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី៦ នៅប្រទសចិន ក្នុងឆ្នាំ២០២២៕