(ប៉ារីស)៖ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi បានប្តេជ្ញាចិត្តបង្កើតប្រវត្តិសាស្ត្រឲ្យក្លិបយក្សនៅបារាំង Paris Saint-Germain (PSG) ក្រោយចុះកិច្ចសន្យាលេងនៅ Ligue 1 រយៈពេល ២ឆ្នាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ESPN នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សារព័ត៌មាន ESPN បានដកស្រង់សេចក្តីថ្លែងការណ៍របស់ម្ចាស់ពានបាល់មាស Ballon d’Or ចំនួន ៦ដងមកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជារំភើប ដែលបានចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃអាជីពរបស់ខ្ញុំនៅក្លិប PSG។ គ្រប់ការប្រកួតទាំងអស់សម្រាប់ក្លិប គឺជាបំណងប្រាថ្នាផ្នែកបាល់ទាត់ របស់ខ្ញុំតែម្តង។ ខ្ញុំបានដឹងពីសមត្ថភាពរបស់ក្រុម និងការហ្វឹកហ្វាត់នៅទីនេះសុទ្ធតែមានទេពកោសល្យ។ ខ្ញុំសូមប្តេជ្ញាចិត្តជួយកសាងអ្វីដែលពិសេស សម្រាប់ក្លិប និងអ្នកគាំទ្រ»។
សូមជម្រាបថា Messi បានសម្រចចិត្តពាក់អាវលេខ៣០ សម្រាប់ការលេងឲ្យក្លិប PSG។ តាមពិតទៅ Neymar ដែលជាអតីតមិត្តរួមក្រុម នៅក្លិបកំពូលអេស្ប៉ាញ FC Barcelona បានអះអាងថា នឹងផ្តល់អាវលេខ១០ ឲ្យទៅ Messi ពាក់ដែរ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនប្រកែក ហើយនិយាយថា អាវលេខ៣០ គឺជាលេខដែលគាត់ធ្លាប់ពាក់ពេលលេងឲ្យ Barcelona ដំបូង។
Lionel Messi បានសម្រក់ទឹកភ្នែកចាកចេញពីក្លិបដែលគេលេងតាំងពីអាយុ ១៣ឆ្នាំមកម្ល៉េះ ដោយបន្សល់ទុក ៦៧២គ្រាប់ពីការចូលលេងបាន ៧៧៨ប្រកួត នៅទឹកដី Camp Nou របស់ក្លិបអ្នកមានបុណ្យ Barcelona។ ពេលនៅ PSG កីឡាករ Messi ដែលនឹងទទួលប្រាក់ឈ្នួលជាង ៦៩ម៉ឺនក្នុង ១សប្តាហ៍នោះ នឹងចាប់ដៃគូជាមួយមិត្តចាស់ Neymar និង Kylian Mbappe ដែលសុទ្ធតែជាកីឡាករមានតម្លៃខ្ពស់នៅតំបន់ប្រយុទ្ធខាងលើផងដែរ៕