(ភ្នំពេញ)៖ ក្រុមកីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា ដែលមានអាយុក្រោម ១៨ឆ្នាំចំនួន ៣១៦នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៩ ខែសីហានេះ ក្នុងយុទ្ធនាការចាក់ជូនក្រុមជម្រើសជាតិថ្នាល នៅមជ្ឈមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រុមការងារវ៉ាក់សាំងក្រសួងកាករពារជាតិ។
យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមជម្រើសជាតិថ្នាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ កាលពីដើមខែសីហាកន្លងទៅ។ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាជាតិ ក៏បានរៀបចំចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ ដែលត្រូវចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស។
មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងខាងលើបានបញ្ជាក់ថា កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលបានវ៉ាក់សាំងដូសទី១ ថ្ងៃនេះមានចំនួន ៣១៦នាក់មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ។ លើសពីនេះ ក៏មានបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា នៃពហុកីឡដ្ឋានជាតិចំនួន ១១៤នាក់ផងដែរ។ សរុបកីឡាករ-កីឡាការិនី និងបុគ្គលិក កម្មកម្ម-កម្មការិនី សាងសង់ភូមិកីឡា ដែលបានចាក់វ៉ាក់សាំង នៅថ្ងៃទី០៩ ខែសីហានេះ គឺមានចំនួន ៤៣០នាក់។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ចូលរួមចាក់វ៉ាក់សាំងនេះ បានសម្ដែងនូវសុទិដ្ឋិនិយមខ្ពស់ សម្រាប់ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់មួយដ៏ល្អ ដើម្បីបន្ស៊ាំការរស់នៅ និងការហ្វឹកហាត់របស់ពួកគេឲ្យកាន់តែរីកចម្រើន។
លោកថា «កាលណាពួកយើងទទួលបានវ៉ាក់សាំង ធ្វើឲ្យការហ្វឹកហាត់ពួកយើង មានទំនុកចិត្ត ជាក់ស្ដែងប្រសិនពួកយើងមានការប្រមូលផ្ដុំលក្ខណៈបិទខ្ទប់ ទោះបីជាបិទខ្ទប់តាមសហព័ន្ធក៏ដោយ ព្រោះវ៉ាក់សាំង គឺជាការបន្ស៊ាំមួយសម្រាប់រាងកាយមនុស្សទូទៅ។ ជារួមការទទួលវ៉ាក់សាំងសម្រាប់យុវវ័យនេះ គឺជាការល្អមែនទែន ដើម្បីបន្ស៊ាំទាំងការរស់នៅ បន្ស៊ាំទាំងការហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចេញទៅប្រកួត និងហ្វឹកហាត់រយៈវែងនៅចិននាពេលឆាប់ៗខាងមុខ»។
ដោយឡែកកីឡាការិនីវ័យ ១៧ឆ្នាំ ជឿន ស្រឡែន សមាជិកក្រុមថ្នាលកីឡាចំបាប់ជម្រើសជាតិកម្ពុជាបានលើកឡើងថា «ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដោយសារពីមុនខ្ញុំទៅណាមកណា ខ្ញុំមានអារម្មណ៍ភ័យខ្លាច បារម្ភខ្លាចឆ្លងកូវីដ តែពេលខ្ញុំបានចាក់វ៉ាក់សាំងហើយ ខ្ញុំពិតជាសប្បាយចិត្ត ពិសេសធ្វើឲ្យខ្ញុំមានការហ្វឹកហាត់របស់ខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ មិនសូវមានការភ័យខ្លាចដូចមុន ដើម្បីសម្រួចគោលដៅរបស់ខ្ញុំ គឺការខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣»។
សូមបញ្ជាក់ថា នេះគឺជាលើកទី៦ ហើយដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់ចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលថ្ងៃនេះ គឺមានចំនួនសរុប ២,៥១៨នាក់ឯណោះ៕