ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានស្នើដល់ភាគីថៃ ឱ្យជួយសហការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា។
ការស្នើឡើងរបស់លោកជំទាវរដ្ឋមន្ត្រីបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ លើវិស័យវប្បធម៌ទ្វេភាគី និងពហុភាគី រួមមាន សកម្មភាពមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាទទួលជាប្រធានប្តូរវេន។
ប្រភពដដែលបញ្ជាក់បន្ថែមថា ការស្នើសុំរបស់ភាគីកម្ពុជាបែបនេះ គឺដោយសារតែព័ត៌មានស្តីពីគម្រោ ងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ក្នុងប្រទេសថៃនោះ ត្រូវបានបណ្តាញសង្គម និង សារព័ត៌ មានផ្សព្វផ្សាយថា មានការចម្លងតាមស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ក៏ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោលផងដែរ។
ប្រភពដដែលបន្ថែមថា ការស្នើសុំដល់ភាគីថៃឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនេះ គឺដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើង និងប៉ះពា ល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរាជទូតថៃ ក៏បានឯកភាពទទួលយកសំណើនេះ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ៕