(ហ្សឺណែវ)៖ នៅថ្ងៃពុធសប្តាហ៍នេះ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ខណៈចំនួនអ្នកដែលបានឆ្លង COVID-19 កើនលើស២០០លាននាក់ហើយនោះ WHO មានក្តីបារម្ភយ៉ាងខ្លាំង អំពីករណីអ្នកដែលអាចកំពុងទទួលរង ផលប៉ះពាល់រយៈពេលវែង ក្រោយឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
លោកស្រី ម៉ារៀ វែន ឃើឃោហ្វ (Maria Van Kerkhove) ប្រធានបច្ចេកទេសស្រាវជ្រាវ COVID-19 របស់ WHO បានថ្លែងក្នុងសន្និសីទ សារព័ត៌មានមួយថា «ផលប៉ះពាល់រយៈពេលវែងដែលកើតឡើង ក្រោយឆ្លងជំងឺ COVID-19 គឺជាអ្វីដែល WHO កំពុងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងបំផុតមួយ»។ បើតាមលោកស្រី ឃើឃោហ្វ ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 មានមនុស្សជាច្រើន ដែលកំពុងទទួលរង ផលប៉ះពាល់រយៈពេលវែង ទោះបានជាសះស្បើយពីជំងឺនេះក៏ដោយ។
គួរបញ្ជាក់ថា បើតាម WHO មានករណីអ្នកជំងឺ COVID-19 មួយចំនួន ដែលបានជាសះស្បើយពីជំងឺនេះរួចហើយ តែនៅមានអាការដូចជា ឈឺដើមទ្រូង ស្ពឹកស្រពន់ ឡើងរោល ដង្ហើមខ្លីៗ អស់កម្លាំងខ្លាំង ខួរក្បាលគិតអ្វីមិនចេញ ជាដើម ព្រមទាំងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងបេះដូង និងប្រព័ន្ធប្រាសាទថែមទៀតផង។ រយៈពេលនៃអាការទាំងនេះ សម្រាប់អ្នកខ្លះគឺត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកខ្លះទៀត គឺដល់រាប់ខែ ឬលើសពីមួយឆ្នាំ៕