(ភ្នំពេញ)៖ គិតត្រឹមសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ គេឃើញកីឡាករដ៏មានប្រជាប្រិយកម្ពុជា ២រូប កំពុងបង្ហាញភាពលេចធ្លោក្នុងតារាងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) គឺកីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេត និង កែវ សុខផេង របស់វិសាខា ដែលរកបាន ៩គ្រាប់ស្មើគ្នា ដើម្បីមានឱកាសប្រជែងស្បែកជើងមាសជាមួយកីឡាករបរទេសផ្សេងៗទៀត។
សម្រាប់ ៩គ្រាប់របស់ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា គឺរកបានពី ៤ប្រកួតផ្សេងគ្នា ក្នុងនោះ វឌ្ឍនាកា ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣-១ លើខេត្តព្រៃវែង, រកបាន ២គ្រាប់ ក្នុងជ័យជម្នះ ៣-១ លើក្រុមអាស៊ីអឺរ៉ុប មុនបន្ដរកបាន ២គ្រាប់ក្នុងជ័យជម្នះ ២-០ លើក្រុមកងយោធពលខេមរភូមិន្ទ ខណៈ ២គ្រាប់ចុងក្រោយ ទើបរកបានក្នុងជ័យជម្នះ ២-១ លើក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងកាលពីយប់មិញ។
ដោយឡែក ៩គ្រាប់របស់ខ្សែប្រយុទ្ធជើងស្ដាំ កែវ សុខផេង វិញ គឺរកបានពី ៥ប្រកួតផ្សេងគ្នារួមមានរកបាន ២គ្រាប់ ក្នុងជ័យជម្នះ ៧-០ លើក្រុមអគ្គិសនីកម្ពុជា, រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៩-០ លើក្រុមអាស៊ីអឺរ៉ុប, រកបាន ២គ្រាប់ ក្នុងជ័យជមុ្នះ ៥-០ លើក្រុមសូលទីឡូអង្គរ, រកបាន ២គ្រាប់ ក្នុងការប្រកួតស្មើក្រុមសិង្ហក្រហមភ្នំពេញក្រោន ៣-៣ និង ១គ្រាប់ចុងក្រោយ ទើបរកបានក្នុងជ័យជម្នះ ៣-២ លើខេត្តព្រៃវែងកាលពីល្ងាចមិញ។
បច្ចុប្បន្នកីឡាករកម្ពុជាទាំង ២រូបកំពុងស្ថិតក្នុងប្រអប់ Top-3 នៃបញ្ជីអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបណ្ដោះអាសន្ន តាមពីក្រោយកីឡាករកំពូលតារាង Privat Mbarga របស់ព្រះខ័នរាជស្វាយរៀង ដែលរកបាន ១១គ្រាប់ និងខ្សែប្រយុទ្ធរបស់ក្រុមអាស៊ីអឺរ៉ុប Abee Huber ដែលរកបាន ១០គ្រាប់ឈរលេខរៀងទី២។ ប៉ុន្ដែក្រៅពី វឌ្ឍនាកា និង សុខផេង ក៏មានកីឡាករ ៣រូបទៀត រកបាន ៩គ្រាប់ស្មើគ្នាផងដែរ រួមមានកីឡាករ Ajayi Opeyemi និង Marcus Haber របស់វិសាខា និងកីឡាករ Marcio របស់ណាហ្គាវើលដ៏៕