(ភ្នំពេញ)៖ ការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោបានគ្រប់លក្ខណៈ ១០០% ហើយ ខណៈតាមគម្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនាខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានបញ្ជាក់ថា ការងារធំៗមួយចំនួនដែលសេសសល់បច្ចុប្បន្នបានរួចរាល់អស់ហើយ ដូចជាការបំពាក់កៅអីអង្គុយទស្សនា ការក្រាលពីសរត់អត្តពលកម្ម ទីលានបាល់ទាត់ និងការរៀបចំអាងទឹកព័ទ្ធជុំវិញកីឡដ្ឋាន ដែលជានិមិត្តរូបនៃកសិន្ធអង្គរ រួមទាំងការរចនាឃឿន ការបំពាក់ប្រព័ន្ធភ្លើង ទាំងក្នុង និងក្រៅកីឡដ្ឋាន ការៀបចំប្រព័ន្ធសម្លេង (Sound System) និងការតេស្ដសាកល្បងជាដើម។
លោក វ៉ាត់ ចំរើន បានថ្លែងថា «ឥឡូវនេះ គ្រប់មុខងារនៃការសាងសង់បានចប់សព្វគ្រប់ហើយ នៅសល់តែការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាយៗខាងក្រៅទីធ្លាជុំវិញកីឡដ្ឋានបន្ដិចបន្ទួចប៉ុណ្ណោះ ក្រៅពីនោះ យើងឃើញក្រុមហ៊ុនបានបើកភ្លើងសាកល្បង និងបានបញ្ចូលថាមពលអគ្គិសនី ដែលត្រូវប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ គឺថាបានបន្ដបណ្ដាញចូលរួចហើយ។ អញ្ចឹងនៅតែការសម្អាត និងរៀបចំទីធ្លាខាងក្រៅតិចតួច បូកជាមួយការបោសសម្អាត និងការពិនិត្យឡើងវិញ និងការងារមួយចំនួន…។ អញ្ចឹងអ្វីដែលយើងសន្មត់ថា គ្រប់លក្ខណៈសម្បត្តិ គឺយើងបាន ១០០% ហើយ នៅតែការតុបតែង និងរៀបចំបន្ដិចបន្ទួច និងមើលការងារក្នុងបន្ទប់មួយចំនួនប៉ុណ្ណោះ»។
លោកបន្ដថា «ការងារនេះ លោកបណ្ឌិត ថោង ខុន បានយកចិត្តទុកដាក់ និងការត្រៀមលក្ខណៈទទួលមកថែទាំ ក្រោយភាគីសាងសង់ចិនប្រគល់មកឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើការថែទាំបន្ដ។ អញ្ចឹងរដ្ឋមន្ដ្រីបានយកចិត្តទុកដាក់ខ្លាំង ហើយពិគ្រោះយោបល់សុំការអនុញ្ញាតផ្ដល់នូវកម្លាំងធនធានមនុស្ស ក៏ដូចជាកម្លាំងអ្នកបច្ចេកទេស ដើម្បីរៀបចំបន្ដវេណក្នុងការថែទាំ សម្អាត អនាម័យ សណ្ដាប់ធ្នាប់ និងសន្ដិសុខជាដើម ក្នុងមរតកដ៏មហាសាលនៃវិមានកីឡដ្ឋានដ៏ធំនេះ ឲ្យក្លាយទៅជាកន្លែងដ៏ទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកកម្ពុជា សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sports» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក…ហើយក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
សម្រាប់កីឡដ្ឋានធំ នៃសំណង់ប្រវត្តិសាស្ដ្រនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗទៀត មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕