(ភ្នំពេញ)៖ គ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ធ្វើឡើងនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ នារាជធានីភ្នំពេញ។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម។
គ្រឿងញៀនដែលត្រូវធ្វើការដុតបំផ្លាញចោលនេះ រួមមានវត្ថុតាងទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង ខេត្តតាកែវ ដែលគណៈកម្មការបានរៀបចំរួចជាស្រេច តាមអំណាចសាលក្រម និងសាលដីកា ឱ្យធ្វើការដុតបំផ្លាញ តាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាពមានដូចខាងក្រោម៖
ទី១៖ សំណុំរឿងព្រហ្មទណ្ឌចំនួន ៣៩ សំណុំរឿងរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀន និងសារធាតុគីមីផ្សំផលិតគ្រឿងញៀនទម្ងន់សរុបចំនួន ៧,៥៥១,៥០៦.៩៩ក្រាម ឬ ៧,៥៥១.៥០ គីឡូក្រាមគីឡូក្រាម។
ទី២៖ សំណុំរឿងព្រហ្មទណ្ឌចំនួន ៥៧សំណុំរឿងរបស់សាលាដំបូងខេត្តស្វាយរៀង ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ៣៤,៣៥៨.៧៦ក្រាម។
ទី៣៖ សាលក្រមព្រហ្មទណ្ឌស្ថាពរចំនួន ១២១សាលក្រម របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ៣៨៧.៨០ក្រាម។
ទី៤៖ សំណុំរឿងព្រហ្មទណ្ឌចំនួន ៨៤ សំណុំរឿងរបស់សាលាដំបូងខេត្តព្រៃវែង ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ១,១៦១.០២ ក្រាម។
ទី៥៖ សំណុំរឿងព្រហ្មទណ្ឌចំនួន ៣៨សំណុំរឿងរបស់សាលាដំបូងខេត្តតាកែវ ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ៨២៨.៤៦ ក្រាម និងកញ្ឆាក្រៀមចំនួន ៣៦គីឡូក្រាម។
គ្រឿងញៀនដែលត្រូវបំផ្លាញសរុបមានចំនួន ៧,៦២៤,៣១០.៥៣ក្រាម ឬស្មើនឹង ៧,៦២៤.៣១គីឡូក្រាម ដែលក្នុងនោះមានវិធីដុតដោយប្រើអណ្តាតភ្លើង និងវិធិបន្សាបតាមបច្ចេកទេសគីមី៕