គុនចម្រុះ៖ អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានបង្ហាញកីឡាករចិន ២រូបដែលខ្លួនចង់ជួបបំផុតដើម្បីសងសឹក ក្រោយធ្លាប់ចាញ់ទាំងមិនអស់ចិត្តក្នុងប្រវត្តិជួបគ្នាកន្លងមកលើសង្វៀន ONE Championship គឺកីឡាករ Haobin Ma និងកីឡាករ Wei Xie។
រតនា បានលើកឡើងថា ខ្លួនបានចិញ្ចឹមចិត្តចង់ជួបជើងខ្លាំងចិន ២រូបនេះជាយូរមកហើយ ក្រោយចាញ់ទាំងមិនអស់ចិត្ត ក្នុងនោះចាញ់ Haobin Ma ដោយពិន្ទុនៅម៉ាកាវកាលពីឆ្នាំ២០១៦ និងចាញ់កីឡាករ Wei Xie ដោយសារការធ្វេសប្រហែលក្នុងទឹកទី៣ នៅសិង្ហបុរីកាលពីចុងឆ្នាំ២០២០ កន្លងទៅ។ ការលើកឡើងរបស់ជើងខ្លាំងគុនខ្មែររូបនេះ ស្របពេលមានកីឡាករឥណ្ឌូនេស៊ី ១រូបគឺកីឡាករ Eko Roni Saputra ប្រកាសចង់ជួបខ្លួនលើសង្វៀន ONE ដើម្បីសងសឹកឲ្យមិត្តរួមជាតិរបស់ខ្លួន ២រូបដែលធ្លាប់ប្រកួតចាញ់កីឡាករ ចាន់ រតនា។ ដូច្នេះក្រៅពីប៉ងជួបសងសឹកកីឡាករចិន រតនា ក៏រីករាយស្វាគមន៍កីឡាករឥណ្ឌូនេស៊ី Eko Roni នេះដែរ។
គួរបញ្ជាក់ថា ក្រោយចុះកុងត្រាប្រកួតឲ្យស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា ធ្លាប់ប្រកួតលើសង្វៀនលំដាប់ពិភពលោកនេះ ១០ ឈ្នះ ៧ដង និងចាញ់ ៣ដង ប្រកួតចុងក្រោយចាញ់កីឡាករ Wei Xie ត្រឹមទឹកទី៣។ ប៉ុន្តែប្រកួតចុងក្រោយនេះ រតនា ហាក់មានប្រៀបនៅទឹកទី១ និងទឹកទី២ តែដោយភ្លាត់ស្នៀតនៅទឹកទី៣ ត្រូវបាន Wei Xie សង្គ្រុបវាយយកឈ្នះតែម្ដង៕