(រ៉ង់ហ្គូន)៖ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៦លានដូសពីប្រទេសចិន នៅអំលុងខែសីហាខាងមុខនេះ ខណៈអត្រាឆ្លង និងស្លាប់កំពុងតែស្ទុះងើបឡើងវិញជាលំដាប់។
ប្រភពពីផ្នែកសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រាប់ AFP កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៤លានដូសពីប្រទេសចិន ខណៈប្រទេសចិនបានបរិច្ចាកវ៉ាក់សាំងចំនួន ០២លានដូសបន្ថែមទៀត។ សរុបមកប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានវ៉ាក់សាំងចំនួន ០៦លានដូសពីប្រទេសចិន ហើយវ៉ាក់សាំងចំនួន ០១លានដូសដំបូង នឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដានេះ។
គួរបញ្ជាក់ថា បើតាមមន្រ្តីសុខាភិបាលមីយ៉ាន់ម៉ា មនុស្សប្រហែល ១.៧៥លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនសរុបប្រហែល ៥៤លាននាក់នេះ ហើយរហូតមកទល់ពេលនេះ ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២១២,៥៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៤៦នាក់ និងអ្នកជាសះស្បើយ ១៥៣,៦០៩នាក់៕