ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គ្រោងធ្វើការជួសជុលពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ដើម្បីត្រៀមលក្ខណៈទទួលការប្រកួតកីឡាជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យឯកសារបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្ដម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានបូកសរុបលទ្ធផលការងារ ៦ខែនៃឆមាសទី១ ក៏ដូចជាបញ្ហាប្រឈមដែលបានដោះស្រាយ និងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផ្សេងៗទៀតដែលត្រូវបន្ដធ្វើការដោះស្រាយជាបន្ដបន្ទាប់ ជាក់ស្ដែងផលប៉ះពាល់រឿងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានយកធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។ ដូច្នេះក្រោយបញ្ចប់ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល CAMSOC នឹងធ្វើការជួសជុលកែលម្អឡើងវិញដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិអូឡាំពិកគឺជាទីតាំងដ៏សំខាន់មួយរបស់កម្ពុជា ដែលត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បន្ទាប់ពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងស្នូលត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាមួយចំនួនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC តាមរយៈគណៈកម្មការទីលាននឹងធ្វើការងារជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អទីលានប្រកួតឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិទៅតាមប្រភេទកីឡានីមួយៗ ត្រៀមឆ្ពោះទៅរកការប្រកួតប្រចាំតំបន់នាពេលខាងមុខ៕