(ភ្នំពេញ)៖ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) បានសម្រេចប្រើវ៉ាក់សាំងចំនួនពីររបស់ចិន ដើម្បីបម្រើដល់ផែនការរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសក្រីក្រ។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា វ៉ាក់សាំងរបស់ចិន ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃយន្តការ COVAX ដោយជោគជ័យហើយ។
បើតាមស្ថានទូតចិននៅកម្ពុជា បានឱ្យដឹងថា កាលថ្ងៃទី១២ ខែកក្កដា សម្ព័ន្ធថ្នាំបង្ការសកល (GAVI) បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមុន (Pre Order) ជាមួយក្រុមហ៊ុន China National Pharmaceutical Group Corporation និងក្រុមហ៊ុន Sinovac Biotech។
ស្ថានទូតចិនបានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វ៉ាក់សាំងចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការ COVAX ដែលអាចផ្គត់ផ្គង់វ៉ាក់សាំងជូន COVAX ដើម្បីប្រើប្រាស់ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចាប់ពីខែកក្កដា នេះតទៅ។
ប្រភពបន្តថា យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនចិនទាំងពីរ នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដចំនួន ១១០លានដូសទៅកាន់ COVAX មុនចុងខែតុលាឆ្នាំនេះ ហើយនឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់ថែមទៀតផង។
ស្ថានទូតចិន បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរ ជាមួយសម្ព័ន្ធ GAVI ជាការបង្ហាញពីលក្ខណៈសំខាន់នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការចាត់ទុកវ៉ាក់សាំងជា «ផលិតផលសាធារណៈ»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការមួយបង្កើតឡើងដោយសម្ព័ន្ធអង្គការដៃគូអន្តរជាតិ ជាពិសេសអង្គការមនុស្សធម៌ រួមជាមួយអង្គការសុខភាពពិភពលោក ដើម្បីស្វះស្វែងរកវ៉ាក់សាំងផ្គត់ផ្គង់ទៅកាន់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។
ដើមឡើយមជ្ឈមណ្ឌលកូវ៉ាក់ បានប្រើប្រាស់តែវ៉ាក់សាំងអាស្ត្រាហ្សេនីកាតែប៉ុណ្ណោះក្នុងការចែកចាយទៅកាន់ប្រទេសក្រីក្រី និងប្រទេសកំពុងអភិវឌ្ឍន៍។ តាមរយៈយន្តការកូវ៉ាក់នេះ ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលផលិតនៅប្រទេសឥណ្ឌាចំនួន ៣២៤,០០០ដូស កាលពីខែមីនា កន្លងទៅនេះផងដែរ៕